ព័ត៌មានអន្តរជាតិ

សារព័ត៌មាន៖ ចិនដាក់ពង្រាយនាវាចម្បាំង៦គ្រឿង និងនាវាពិឃាតបំពាក់មីស៊ីល នៅមជ្ឈឹមបូព៌ា ចំពេលមានជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល

Xinhua

បរទេស៖ អ្នកនាំពាក្យស្ថានទូតចិនលោក Liu Pengyu នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Sputnik កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យបញ្ចប់ការបំភាន់ដោយគ្មានមូលដ្ឋាននៃការដាក់ពង្រាយនាវាចម្បាំងចិនទៅកាន់មជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាវាចម្បាំងចិនចំនួន ៦ គ្រឿង រួមទាំងនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ បាននិងកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ាចាប់តាំងពីសប្តាហ៍មុន ដែលរួមបញ្ចូលទាំងសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេសអូម៉ង់។

ពាក់ព័ន្ធនឹងការចេញផ្សាយនេះ អ្នកនាំពាក្យស្ថានទូតចិនលោក Liu Pengyu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងនាវានៃកងទ័ពជើងទឹករំដោះប្រជាជនចិនបានចេញដំណើរសម្រាប់បេសកកម្មអមដំណើរ និងកំពុងបំពេញទស្សនកិច្ចជាមិត្តភាពទៅកាន់ប្រទេសពាក់ព័ន្ធ” ។ លោកថា ភាគីពាក់ព័ន្ធគួរតែគោរពការពិត និងបញ្ឈប់ការនិយាយបំផ្លើសដោយគ្មានមូលដ្ឋាន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កងទ័ពជើងទឹកចិនបានចូលរួមក្នុងការដាក់ពង្រាយជាប្រចាំទៅកាន់មជ្ឈិមបូព៌ាចាប់តាំងពីខែឧសភា ជាពិសេសដើម្បីធ្វើបេសកកម្មអមដំណើរសម្រាប់ការដឹកជញ្ជូន។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower ទៅកាន់ឈូងសមុទ្រពែក ចំពេលមានការកើនឡើងនៃការវាយប្រហារលើកងកម្លាំងអាមេរិកនៅក្នុងតំបន់ដោយ “កងកម្លាំងប្រូកស៊ី” ឬ កងកម្លាំងតំណាងរបស់អ៊ីរ៉ង់។ ជាងនេះទៅទៀត ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ USS Gerald R. Ford ត្រូវបានដាក់នៅសមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីបម្រើឱ្យការរារាំងដល់ភាគីទីបីដែលអាចពិចារណាចូលរួមក្នុងជម្លោះប្រឆាំងនឹងអ៊ីស្រាអែល, នេះបើយោងតាមមន្ទីរបញ្ចកោណ៕

ប្រែសម្រួលៈ ណៃ តុលា

To Top