ព័ត៌មានអន្តរជាតិ

អង្គការសិទ្ធិមនុស្ស៖ ពលរដ្ឋប្រមាណជាង ៧០០នាក់ កំពុងបន្តបាត់ខ្លួនក្នុងអំឡុងពេល មានជម្លោះនៅស៊ូដង់

AFP

ខាធូម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា ក្រុមអង្គការសិទ្ធិមនុស្សស៊ូដង់ កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា មានមនុស្សចំនួន ៧១៥នាក់ បានបាត់ខ្លួនដោយគេបង្ខំនៅក្នុងអំឡុងពេល មានជម្លោះដែលកំពុងបន្តកើតឡើង រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅថា (RSF) ។

ក្រុមអង្គការសិទ្ធិមនុស្សនៅស៊ូដង់ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា “ជនស៊ីវិលចំនួន៧១៥នាក់ ត្រូវបានបាត់ខ្លួនដោយបង្ខំនៅក្នុងប្រទេសស៊ូដង់ នៅក្នុងអំឡុងពេល៦ខែនៃសង្រ្គាមរវាងកងទ័ព SAF និងកងទ័ព RSF” ។

នៅក្នុងរបាយការណ៍នេះ បានត្រួតពិនិត្យឃើញពីការរំលោភបំពាន ក្នុងនោះបូករួមទាំងការចាប់ពង្រត់ ការឃុំខ្លួន និងការបាត់ខ្លួនមនុស្សចាប់ពីថ្ងៃទី១៥ ខែមេសាដល់ថ្ងៃទី១៥ ខែតុលា ហើយរួមទាំងរដ្ឋធានី ខាធូម (Khartoum) និងទីក្រុងផ្សេងៗ ទៀត ។

នៅក្នុងរបាយការណ៍បានរៀបរាប់ អំពីចំនួនការបាត់ខ្លួន ដោយបុរសមានចំនួន ៦៦៦នាក់ ក្នុងនោះចំនួន៦៥០នាក់ ជាមនុស្សពេញវ័យ និង១៦នាក់ជាអនីតិជន ខណៈស្ត្រីមានចំនួន៤៩នាក់ មនុស្សពេញវ័យចំនួន៤៧នាក់ និងចំនួន២នាក់ជាអនីតិជន ។

សម្រាប់ទីក្រុង ខាធូម បានកត់ត្រាអំពីករណីបាត់ខ្លួនចំនួន៣០៩ករណី ដែលជាតួលេខខ្ពស់បំផុត ដោយចំនួន១៥៦ករណីនៅ Omdurman ចំនួន១៣០នាក់នៅ Bahri និងករណីផ្សេងទៀតនៅរដ្ឋ North Kordofan រដ្ឋ South Darfur នៅភាគខាងជើង Darfur នៃរដ្ឋ West Darfur និងរដ្ឋ Darfur ស្ថិតនៅភាគកណ្តាល ខណៈដែលទីតាំងចំនួន ១១០ករណីនៅក្នុងរដ្ឋខាងលើ ។ នៅក្នុងរបាយការណ៍បានដាក់ថា វិសាលភាពនៃរដ្ឋដែលរងគ្រោះ ដោយជម្លោះនេះមិនអាចត្រូវបានបញ្ជាក់ច្បាស់នោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top