បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានថា កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ាប្រឈមមុខនឹងហានិភ័យខ្ពស់នៃការរងការវាយប្រហារ ខណៈដែលអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ សម្លឹងរកការកេងចំណេញពីភាពចលាចលដែលបង្កើតឡើងដោយសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
យោងតាមការចេញផ្សាយរបស់ RT លោក Austin បាននិយាយកាលពីថ្ងៃអាទិត្យថា មូលដ្ឋានទ័ពអាមេរិកដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់ និងស៊ីរីបានក្លាយទៅជាគោលដៅរួចជាស្រេចក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយមន្ទីរបញ្ចកោណមានការព្រួយបារម្ភអំពីការកើនឡើងបន្ថែមទៀតនៃវិបត្តិអ៊ីស្រាអែល។
លោករដ្ឋមន្ត្រីបានបន្តទៀតថា៖អ្វីដែលយើងកំពុងឃើញគឺការរំពឹងទុកនៃការកើនឡើងគួរឱ្យកត់សម្គាល់នៃការវាយប្រហារលើកងទ័ពរបស់យើង និងប្រជាជនរបស់យើងនៅទូទាំងតំបន់ ដូច្នេះយើងនឹងធ្វើអ្វីដែលចាំបាច់ដើម្បីធ្វើឱ្យប្រាកដថាកងទ័ពរបស់យើងស្ថិតនៅក្នុង ទីតាំងល្អ ពួកគេត្រូវបានការពារ ហើយថាយើងមានសមត្ថភាពឆ្លើយតបបានឆាប់រហ័ស។
គួរឲ្យដឹងដែរថាភ្លាមៗបន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា មន្ទីរបញ្ចកោណបានបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿង នាវាពិឃាតឧបករណ៍បញ្ជាមីស៊ីលពីចំងាយចំនួន៥គ្រឿង និងនាវាផ្សេងទៀតទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត៕ ប្រែសម្រួល៖ស៊ុនលី