អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា លោក Momin Agha អនុប្រធាននាយកដ្ឋានជនភៀសខ្លួន និងមាតុភូមិនិវត្តន៍នៅខេត្ត Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង១២.០០០នាក់បានវិលត្រឡប់មកកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ដែលបានចាកចេញពីភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
មន្ត្រីរូបនេះបានបញ្ជាក់ថា គិតជាមធ្យមមានចំនួន៨២០គ្រួសារ ឬលើសពី៤.០០០នាក់ដែលបានត្រឡប់ទៅផ្ទះពីប្រទេសប៉ាគីស្ថាន តាមរយៈច្រកព្រំដែន Spin Boldak ដែលជាច្រកតភ្ជាប់ពីខេត្ត Kandahar ទៅ Baluchistan នៃប្រទេសប៉ាគីស្ថានរៀងរាល់សប្តាហ៍ ហើយចំនួនអ្នកត្រឡប់មកផ្ទះវិញកំពុងកើនឡើង ។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណជាង២,៥លាននាក់បាននិងកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន ដោយមានចំនួនដូចគ្នានៅក្នុងប្រទេសអ៊ីរ៉ង់ដែរ ដែលបានគេចចេញពីការឈ្លានពានរបស់បរទេស និងជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងប្រទេសកំណើតរបស់ពួកគេក្នុងរយៈពេល៤ទសវត្សរ៍កន្លងមកនេះ ។
បើយោងតាមសេចក្តីរាយការណ៍បានដាក់ថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង២០០.០០០នាក់បានត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញដោយចាកចេញពីប្រទេសជិតខាងប៉ាគីស្ថាន និងអ៊ីរ៉ង់ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា