ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ថា ប្រសិនបើអាមេរិក និងរបបអ៊ីស្រាអែល មិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិភ្លាមៗនោះទេ ជម្លោះអាចនឹងលែងគ្រប់គ្រងបាន

AFP

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានចោទសហរដ្ឋអាមេរិកថា កំពុងធ្វើ “សង្រ្គាមប្រូកស៊ី (សង្គ្រាមញុះញង់) ប្រឆាំងនឹងប៉ាឡេស្ទីន” ហើយបានព្រមានថា ស្ថានការណ៍នឹងមិនអាចគ្រប់គ្រងបាន ប្រសិនបើការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាមិនត្រូវបានបញ្ឈប់ ហើយអ៊ីស្រាអែលចាប់ផ្តើមការវាយលុកដីដែលខ្លួនកំពុងរៀបចំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអាហ្រ្វិកខាងត្បូងលោក Naledi Pandor នៅទីក្រុង តេហេរ៉ង់ កាលពីថ្ងៃអាទិត្យ អ្នកការទូតកំពូលអ៊ីរ៉ង់បាននិយាយថា វាគឺជា “ការពិតដ៏ជូរចត់ និងអកុសល” ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើ “ទស្សនកិច្ចក្នុងសម័យសង្គ្រាមវិសាមញ្ញ” ទៅកាន់ទីក្រុង Tel Aviv ក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញការគាំទ្រដល់រដ្ឋាភិបាលលោក Benjamin Netanyahu ចំពេលមានការទម្លាក់គ្រាប់បែកលើតំបន់ប៉ាឡេស្ទីន និងការខ្វះខាតជំនួយមនុស្សធម៌។

លោក Hossein Amir-Abdollahian បានកត់សម្គាល់ថា “វាជារឿងអាម៉ាស់ណាស់ដែលប្រធានាធិបតីអាមេរិកបានប្រកាសថា អាមេរិកនឹងបញ្ជូនយន្តហោះរាប់រយគ្រឿង កប៉ាល់ និងឡានដឹកទំនិញដែលផ្ទុកដោយឧបករណ៍យោធាទៅកាន់ទឹកដីដែលកាន់កាប់ ដើម្បីគាំទ្រដល់ការសម្លាប់រង្គាលដែលអ៊ីស្រាអែលកំពុងប្រព្រឹត្តនៅហ្គាហ្សា ប៉ុន្តែបានគ្រប់គ្រងដើម្បីសម្របសម្រួលផែនការសម្រាប់រថយន្តតែ ២០គ្រឿងប៉ុណ្ណោះ ដឹកជំនួយមនុស្សធម៌ចូលក្នុងតំបន់ដែលត្រូវបានឡោមព័ទ្ធ»។

លោក Amir-Abdollahian បានអះអាងថា “ប្រសិនបើសហរដ្ឋអាមេរិក និងរបបអ៊ីស្រាអែលមិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរបស់ពួកគេភ្លាមៗនោះទេ វានឹងមានលទ្ធភាពនៃអ្វីមួយនៅពេលណាមួយ ហើយតំបន់អាចនឹងមិនអាចគ្រប់គ្រងបាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top