ព័ត៌មានអន្តរជាតិ

ឆេះនាវាដឹកប្រេង នៅហ្វីលីពីន បណ្តាលឲ្សស្លាប់ មនុស្ស២នាក់ និង២នាក់ ទៀតកំពុងបាត់ខ្លួន

ប្រភព ៖ AFP

ម៉ានីល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា អគ្គិភ័យបានឆាបឆេះ នាវាដឹកប្រេងចំនួន១គ្រឿង ខណៈកំពុងបោះយុថ្កា នៅខេត្ត Batangas ស្ថិតនៅភាគខាងត្បូងនៃទីក្រុងម៉ានីល កាលពីថ្ងៃអាទិត្យ ដោយបានបណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ ។
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ហៅកាត់ថា (PCG) បានរាយការណ៍បឋមមកថា មនុស្សម្នាក់បានស្លាប់ដោយសារភ្លើងឆេះ ដែលបានឆាបឆេះនៅលើនាវា Motor Tanker Sea Horse នៅម៉ោង ប្រហែល៩ព្រឹក ម៉ោងក្នុងស្រុក ហើយភ្លើងបានឆាបឆេះអស់ រយៈពេល២ម៉ោងមុនពេល ដែលក្រុមពន្លត់អគ្គិភ័យ បានបាញ់ទឹកពន្លត់ ។

លោក Joselito Sinocruz អ្នកគ្រប់គ្រងកំពង់ផែ Batangas បានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា មានមនុស្ស២នាក់បានស្លាប់ និង២នាក់ទៀត នៅតែបាត់ខ្លួនពីឧបទ្ទវហេតុនេះ ។

លោក Sinocruz បានប្រាប់ឲ្យដឹង នៅក្នុងកិច្ចសម្ភាសន៍តាមវិទ្យុថា សាកសពមនុស្សចំនួន២នាក់ត្រូវបានរកឃើញ នៅក្នុងនាវា ហើយមនុស្ស៧នាក់ នៅលើនាវានៅគ្រាដែលវាបានឆាបឆេះ ។ លោកបានបញ្ជាក់ទៀតថា នាវាដឹកប្រេងមិនបានដឹកប្រេងអ្វីទេ នៅពេលមានហេតុការណ៍នេះកើតឡើង ។

ការស៊ើបអង្កេតកំពុងតែដំណើរ ការដើម្បីកំណត់អំពីមូលហេតុ នៃការបង្កឲ្យមានការឆាបឆេះលើនាវាមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top