ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានជាថ្មីថា ខ្លួននឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធ បន្ទាប់ពីឧប្បត្តិហេតុប៉ះទង្គិចជាមួយនាវាចិន នៅសមុទ្រចិនខាងត្បូង

រូបភាពពី៖​ AFP

បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានព្រមានជាថ្មីថា ខ្លួននឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធក្រោមសន្ធិសញ្ញាឆ្នាំ ១៩៥១ បន្ទាប់ពីកប៉ាល់របស់ចិនបានរារាំង និងបុកជាមួយនាវាហ្វីលីពីនពីរគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតហ្វីលីពីនកាលពីថ្ងៃច័ន្ទបានកោះហៅមន្ត្រីស្ថានទូតចិនក្នុងទីក្រុងម៉ានីល សម្រាប់ការតវ៉ាដោយពាក្យសំដីយ៉ាងខ្លាំងបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យនៅឯតំបន់ផ្ទៃទឹករាក់ Second Thomas Shoal ។ មន្ត្រីបាននិយាយថា មិនមានការរងរបួសណាមួយត្រូវបានរាយការណ៍ទេ ប៉ុន្តែការប៉ះទង្គិចគ្នានេះបានធ្វើឱ្យខូចខាតដល់កប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងទូកផ្គត់ផ្គង់ឈើដែលដំណើរការដោយបុគ្គលិកកងទ័ពជើងទឹក។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានកោះឱ្យមានកិច្ចប្រជុំបន្ទាន់មួយជាមួយរដ្ឋមន្ដ្រីការពារជាតិ និងមន្ត្រីយោធា និងសន្តិសុខកំពូលផ្សេងទៀត ដើម្បីពិភាក្សាអំពីអរិភាពចុងក្រោយនៅក្នុងដែនទឹកដែលមានជម្លោះ។ ប្រទេសហ្វីលីពីន និងប្រទេសជិតខាងផ្សេងទៀតរបស់ចិនបានទប់ទល់នឹងការទាមទារទឹកដីដ៏ធំធេងរបស់ទីក្រុងប៉េកាំងជុំវិញស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល ហើយមួយចំនួនដូចជាទីក្រុងម៉ានីលបានស្វែងរកការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក នៅពេលដែលឧប្បត្តិហេតុកើនឡើង។

បន្ទាប់ពីកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilberto Teodoro បានរិះគន់ប្រទេសចិននៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់ការប្រើកម្លាំងដ៏កម្រោល ដែលលោកបាននិយាយថា សមាជិកនាវិកហ្វីលីពីនស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់ និងសម្រាប់ការបំភ្លៃការពិតដើម្បីលាក់បាំងការឈ្លានពានរបស់ខ្លួន។

លោក Teodoro បាននិយាយថា “រដ្ឋាភិបាលហ្វីលីពីនចាត់ទុកការឈ្លានពានចុងក្រោយរបស់ចិនថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ” ។ “ប្រទេសចិនមិនមានសិទ្ធិស្របច្បាប់ ឬសិទ្ធិអំណាចក្នុងការធ្វើប្រតិបត្តិការអនុវត្តច្បាប់នៅក្នុងដែនទឹករបស់យើង និងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់យើងទេ”។

លោក Teodoro បាននិយាយថា លោក Marcos បានបញ្ជាឱ្យមានការស៊ើបអង្កេតលើការប៉ះទង្គិចគ្នានៅសមុទ្រ ប៉ុន្តែលោកបានបដិសេធមិនបង្ហាញពីជំហានដែលរដ្ឋាភិបាលហ្វីលីពីននឹងចាត់វិធានការនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top