តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាបានសម្តែងការខ្នះខ្នែង ក្នុងការឈានទៅរក “យុគសម័យថ្មី” នៃទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងត្បូង ជាមួយនឹងទំនាក់ទំនង បានប្រសើរឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាដោះស្រាយវិវាទការងារ ក្នុងសម័យសង្គ្រាមដ៏រ៉ាំរ៉ៃជាមួយទីក្រុងតូក្យូ។
នៅក្នុងសារមួយលោក គីស៊ីដា បានផ្ញើទៅកាន់ការជួបជុំមួយក្នុងទីក្រុងតូក្យូ ដែលពាក់ព័ន្ធនឹងឥស្សរជននយោបាយ និងធុរកិច្ចមកពីប្រទេសទាំងពីរ លោកបានលើកឡើងថា “ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏សំខាន់សម្រាប់ធ្វើការរួមគ្នា លើបញ្ហាប្រឈមនានាក្នុងសហគមន៍អន្តរជាតិ”។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ក៏បានឲ្យដឹងនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំនេះថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងជប៉ុន និងកូរ៉េខាងត្បូង មិនដែលចាំបាច់លើសពីនេះទៀតឡើយ ក្នុងការប្រឈមមុខនឹងស្ថានការណ៍ សន្តិសុខធ្ងន់ធ្ងរនៅអាស៊ីបូព៌ា។
នៅក្នុងសារដែលថ្លែងទៅកាន់មហាសន្និបាតនោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបន្ទរទស្សនៈស្រដៀងគ្នា ដោយបានបង្ហាញពីការត្រៀមខ្លួនរបស់លោក ក្នុងការចូលរួមជាមួយប្រទេសជប៉ុន លើបញ្ហាតំបន់ និងពិភពលោកជាច្រើន រួមទាំងសន្តិសុខ សេដ្ឋកិច្ច និងបច្ចេកវិទ្យាទំនើប។
ក្រោមការគ្រប់គ្រងរបស់អ្នកកាន់ តំណែងមុនរបស់លោក គឺលោក មូន ជេអ៊ីន ដែលត្រូវបានអ្នកខ្លះចាត់ទុកថា ជាអ្នកនយោបាយប្រឆាំងជប៉ុន ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលបានធ្លាក់ចុះដល់ ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយសារបញ្ហាសំណងពលកម្មក្នុងសម័យសង្គ្រាម ៕
ប្រែសម្រួល ឈូក បូរ៉ា