ហ្គាហ្សា៖ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានដោះលែងស្ត្រីជនជាតិអ៊ីស្រាអែលវ័យចំណាស់ពីរនាក់ ដែលជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះជាច្រើនគ្រឿង ដែលដឹកជំនួយមនុស្សធម៌បានចុះចតនៅអាកាសយានដ្ឋាន al-Arish របស់ប្រទេសអេហ្ស៊ីប ក្នុងភាគខាងជើងស៊ីណៃ ដើម្បីរង់ចាំបញ្ជូនទៅក្នុងតំបន់ហ្គាហ្សា ដែលកំពុងហែកហួរដោយសង្រ្គាម។
នៅពេលដែលការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា និងការត្រៀមលក្ខណៈ សម្រាប់ការឈ្លានពានដីដែលអាចកើតមាននៃតំបន់ប៉ាឡេស្ទីន ក្រុមយោធាស៊ីអ៊ីតហេសបូឡា និងអ៊ីស្រាអែល បានប៉ះទង្គិចគ្នាកាន់តែខ្លាំងនៅតាមព្រំដែន ដោយបង្កើនការភ័យខ្លាចនៃជម្លោះក្នុងតំបន់។
កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដោះលែងចំណាប់ខ្មាំងពីរនាក់បន្ថែមទៀត សម្រាប់ “ហេតុផលមនុស្សធម៌ តាមរយៈ ការសម្រុះសម្រួលពីអេហ្ស៊ីប និងកាតា” ។
វាជាលើកទីពីរហើយ ដែលក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងមួយចំនួនដែលខ្លួនបានចាប់កាលពីថ្ងៃទី០៧ ខែតុលា បន្ទាប់ពីបានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់កាលពីថ្ងៃសុក្រ។
មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បានបញ្ជាក់ពីការដោះលែងជនជាតិអ៊ីស្រាអែលពីរនាក់ ដែលបានមកដល់ផ្លូវ Rafah ឆ្លងកាត់រវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប ដោយបន្ថែមថា ក្រុមអ៊ីស្រាអែល កំពុងធ្វើដំណើរទៅជួបពួកគេ៕ ប្រែសម្រួល ឈូក បូរ៉ា