ព្រុចសែល៖ សហភាពអឺរ៉ុប និងប្រទេសអាស៊ីកណ្តាលចំនួន៥ បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីកណ្តាល និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងលុចសំបួកាលពីថ្ងៃចន្ទ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-អាស៊ីកណ្តាលលើកទី១៩។
លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានឲ្យដឹងថា “កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅថ្ងៃនេះបញ្ជាក់ពីកម្រិតថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងតំបន់របស់យើង សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។
ផែនទីបង្ហាញផ្លូវដែលបានអនុម័តនៅក្នុងកិច្ចប្រជុំបានគូសបញ្ជាក់អំពីវិស័យសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងបណ្តាប្រទេសអាស៊ីកណ្តាល។
ទាំងនេះរួមមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនយោបាយអន្តរតំបន់ ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការចូលរួមលើថាមពល សេដ្ឋកិច្ចអព្យាក្រឹតអាកាសធាតុ និងការតភ្ជាប់ និងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម។
រដ្ឋមន្ត្រីបានឲ្យដឹងថា ពួកគេក៏ទន្ទឹងរង់ចាំការពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខ និងការគ្រប់គ្រងព្រំដែន ក៏ដូចជាលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម និងអំពើជ្រុលនិយមដោយហិង្សា។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន ព្រមទាំងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា