ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីហូឡង់ អំពាវនាវឲ្យបន្ដផ្ដល់ជំនួយ មនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា

រូបភាពពី៖​ XINHUA

ហូឡង់៖ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Rutte ដែលបានទៅបំពេញទស្សនកិច្ចមួយថ្ងៃទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឲ្យដឹងថា “ស្ថានការណ៍សោកនាដកម្មនៅតំបន់ហ្គាហ្សា អំពាវនាវឱ្យមានការផ្អាកមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជំនួយ ដែលត្រូវការច្រើនឆ្លងកាត់ដល់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា” ។

នៅទីក្រុងហ្សេរុយសាឡឹម លោក Rutte បានពិភាក្សាអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។

ក្រោយមកនៅថ្ងៃនោះ នាយករដ្ឋមន្ត្រីហូឡង់ក៏បានជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស នៅទីក្រុងរ៉ាម៉ាឡា នៅតំបន់វេសបែង។

លោកបន្ថែម “វាជាការល្អដែលជំនួយមនុស្សធម៌បានចាប់ផ្តើម ប៉ុន្តែអ្វីៗជាច្រើនទៀតត្រូវការយ៉ាងឆាប់រហ័ស។ តំបន់ហ្គាហ្សា ត្រូវការច្រករបៀងមនុស្សធម៌ប្រកបដោយនិរន្តរភាព សម្រាប់ជំនួយ និងទំនិញសំខាន់ៗដូចជាអាហារ ទឹក និងឥន្ធនៈ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top