ព័ត៌មានអន្តរជាតិ

ចិន និងជប៉ុន គួរតែនាំយកទំនាក់ទំនងទ្វេភាគី ត្រឡប់ទៅរកផ្លូវ នៃការអភិវឌ្ឍន៍ដ៏ល្អឡើងវិញ

រូបភាពពី៖​ XINHUA

ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកណ្តាលទទួលបន្ទុកកិច្ចការបរទេសបានឲ្យដឹងថា ប្រទេសចិន និងជប៉ុន គួរតែនាំយកទំនាក់ទំនងរបស់ពួកគេត្រឡប់ទៅរកផ្លូវនៃការអភិវឌ្ឍន៍ដ៏ល្អ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅក្នុងពិធីទទួលស្វាគមន៍ខួបលើកទី៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពចិន-ជប៉ុន កាលពីថ្ងៃចន្ទនៅទីក្រុងប៉េកាំង ហើយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yasuo Fukuda បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោក វ៉ាង យី បាន​ចង្អុល​បង្ហាញ​ថា នៅ​ចំពោះ​មុខ​ស្ថានការណ៍​អន្តរជាតិ​ដែល​មាន​ការ​ប្រែប្រួល​និង​មាន​ការ​ជាប់​ទាក់ទង​គ្នា​នោះ ទំនាក់ទំនង​ចិន-ជប៉ុន​បាន​ឈរ​នៅ​ផ្លូវ​បំបែក​សំខាន់​ម្ដង​ទៀត។

ទំនាក់ទំនងស្ថិរភាព និងផលប្រយោជន៍ទៅវិញទៅមករវាងចិន និងជប៉ុន មានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ដែលមិនអាចខ្វះបានសម្រាប់អាស៊ី និងមានឥទ្ធិពលសំខាន់លើពិភពលោក។

លោកបន្ដថា “យើងគួរតែយកខួបលើកទី៤៥ ជាឱកាសមួយ ដើម្បីចងចាំពីបំណងដើមនៃសន្ធិសញ្ញា គោរពតាមការឯកភាពនៃសន្ធិសញ្ញា អនុវត្តគោលការណ៍នៃសន្ធិសញ្ញា និងនាំទំនាក់ទំនងចិន-ជប៉ុន ត្រលប់ទៅរកការអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ”។

ដោយកត់សម្គាល់ថា ទាំងចិន និងជប៉ុន គឺជាប្រទេសអាស៊ី ហើយទទួលខុសត្រូវចំពោះអនាគតនៃអាស៊ី លោកលើកឡើងថា ប្រទេសទាំងពីរគួរតែដើរតាមនិន្នាការនៃសម័យកាល អនុវត្តពហុភាគីនិយមពិតប្រាកដ លើកកម្ពស់តំបន់និយមបើកចំហ និងតស៊ូមតិទស្សនវិជ្ជាភាគខាងកើតនៃ “សុខដុមរមនា និងការរួមរស់ជាមួយគ្នា”។

លោក បានបន្ថែមថា ប្រទេសចិន និងជប៉ុន គួរតែប្រឆាំងនឹងការប្រឈមមុខដាក់គ្នាខាងមនោគមវិជ្ជា និងបដិសេធ “សង្រ្គាមត្រជាក់ថ្មី” ហើយបញ្ចូលថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក Yasuo Fukuda បានលើកឡើងថា ប្រទេសជប៉ុន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីឆ្ពោះទៅមុខគោលបំណងនៃសន្ធិសញ្ញា ជំនះការលំបាក និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីពង្រឹងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top