ព័ត៌មានអន្តរជាតិ

ទីក្រុងហូជីមិញ និងទីក្រុងឡុងដ៍ របស់អង់គ្លេស ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

VNA/VNS Photo

បរទេស៖ ការកសាងទីក្រុង ហូជីមិញ របស់ប្រទេសវៀតណាមទៅជា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ គឺជាគម្រោងដ៏សំខាន់មួយរបស់ទីក្រុង ដោយសង្កត់ធ្ងន់យ៉ាងខ្លាំងលើ កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង្គការ និងអាជីវកម្មមកពីចក្រភពអង់គ្លេស។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសិក្ខាសាលាចែករំលែក បទពិសោធន៍ក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាមួយស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគរបស់ចក្រភពអង់គ្លេស ធនាគារ និងធុរកិច្ចធំៗនៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី ២៣ តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅចក្រភពអង់គ្លេស លោក Nguyễn Hoàng Long បានឲ្យដឹងថា ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅទីក្រុងហូជីមិញ នឹងក្លាយជាគម្រោងសំខាន់មួយ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។

លោក Long បាននិយាយថា ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ឈានមុខគេមួយរបស់ពិភពលោក ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិដូចជាហុងកុង (ចិន) សិង្ហបុរី និងឌូបៃ, ទីក្រុងឡុងដ៍នឹងក្លាយជាដៃគូដ៏ស័ក្តិសមបំផុត សម្រាប់វៀតណាមក្នុងការសហការ ក្នុងការសាងសង់ហិរញ្ញវត្ថុអន្តរជាតិថ្មីមួយនៅទីក្រុង ហូជីមិញ។

វៀតណាមកំពុងកំណត់គោលដៅ កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីប្រើប្រាស់លំហូរមូលធនអន្តរជាតិ លើកកំពស់ទីតាំងរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក និងជំរុញផែនការក្លាយជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥ ក៏ដូចជាគាំទ្រការអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់វៀតណាម និង គោលដៅក្លាយជាប្រទេសគ្មាន ការបំភាយឧស្ម័ននៅឆ្នាំ ២០៥០។

ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដ៏ធំបំផុតរបស់វៀតណាម ដែលស្មើនឹងប្រហែល ២៣ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស, ទីក្រុងហូជីមិញ ត្រូវបានជ្រើសរើសដោយរដ្ឋាភិបាល ដើម្បីសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Võ Văn Hoan បាននិយាយថា ទីក្រុងបានបញ្ចប់សេចក្តីព្រាងផែនការ សាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ហើយដាក់ជូនរដ្ឋាភិបាល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top