ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ទាមទារឲ្យប្រធានយូអិន លាលែងពីតំណែង

AFP

បរទេស៖តំណាងទូតអ៊ីស្រាអែលលោក Gilad Erdan ប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការប្រកាសទាមទារឲ្យលោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ Antonio Guterres លាលែងចេញពីតំណែងដោយចោទប្រកាន់គាត់ពីការបង្ហាញអាណិតអាសូរសម្រាប់ភេរវករ និងឃាតកនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសន្តិសុខចុងក្រោយ។

សរសេរនៅលើបណ្តាញសង្គម X លោកបានសរសេរថា៖ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​គាត់​លាលែង​ពី​តំណែង​ជា​បន្ទាន់។អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបង្ហាញការយល់ដឹងសម្រាប់យុទ្ធនាការនៃការសម្លាប់រង្គាលលើកុមារ ស្ត្រី និងមនុស្សចាស់ មិនស័ក្តិសមក្នុងការដឹកនាំអង្គការសហប្រជាជាតិនោះទេ។ គ្មានហេតុផល ឬចំណុចណាមួយក្នុងការនិយាយទៅកាន់អ្នកដែលបង្ហាញការអាណិតអាសូរចំពោះអំពើឃោរឃៅដ៏អាក្រក់បំផុតដែលបានប្រព្រឹត្តលើពលរដ្ឋអ៊ីស្រាអែល និងប្រជាជនជ្វីហ្វដាច់ខាត។

លោកErdan បានលើកឡើងទៀតថា៖សុន្ទរកថាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Guterres គឺជាភស្តុតាងដែលថាអគ្គលេខាធិការ ត្រូវបានផ្តាច់ទាំងស្រុងពីការពិតនៅក្នុងតំបន់របស់យើង ហើយថាគាត់ចាត់ទុកការសម្លាប់រង្គាលដែលប្រព្រឹត្តដោយភេរវករហាម៉ាសក្នុងលក្ខណៈខុសឆ្គង និងអសីលធម៌។

ដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានប្រតិកម្មទៅនឹងសុន្ទរកថារបស់លោក Guterres នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយចង្អុលម្រាមដៃ និងស្រែកដាក់អគ្គលេខាធិការទៀតផង បន្ទាប់​មក​គាត់​បាន​ប្រកាស​ថា​គាត់​នឹង​បដិសេធ​មិន​ជួប​ជាមួយ​គាត់​ទៀត​នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top