ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា ប្រចាំរដ្ឋ វ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន នៅអាកាសយានដ្ឋានទីក្រុង ហុងកុង ក្រោយរកឃើញកាំភ្លើងក្នុងកាបូប

រូបភាពពី៖​ YAHOO

បរទេស៖ ការិយាល័យរបស់លោក Jeff Wilson R-Longview ដែលជាសមាជិកព្រឹទ្ធសភា ប្រចាំរដ្ឋ វ៉ាស៊ីនតោន បាននិយាយថា សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោនម្នាក់ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានក្នុងទីក្រុងហុងកុង ហើយត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធដែលមិនបានចុះបញ្ជី។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹទ្ធសមាជិកគឺលោក Jeff Wilson R-Longview ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានអន្តរជាតិហុងកុងកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីគេបានរកឃើញកាំភ្លើងខ្លីមួយដើមនៅក្នុងកាបូបស្ពាយរបស់លោក ហើយក៏ត្រូវបានគេរាយការណ៍ទៅមន្ត្រីគយ។

លោក Jeff Wilson R-Longview ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកប្រឈមនឹងការឡើងសវនាការនៅថ្ងៃទី ៣០ ខែតុលា។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាគឺជាកំហុសមួយ ហើយខ្ញុំរំពឹងថាស្ថានភាពនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ” ។

លោក Wilson បាននិយាយថា លោកមិនបានដឹងថាមានអាវុធនៅក្នុងកាបូបរបស់លោកនោះទេ នៅពេលដែលលោកបានឆ្លងកាត់ផ្នែកសន្តិសុខនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Portland រដ្ឋ Oregon ជាកន្លែងដែលអាវុធខ្លីនេះ គឺមិនត្រូវបានរកឃើញដោយអ្នកត្រួតពិនិត្យឥវ៉ាន់។

អ្នកនាំពាក្យរបស់ទីក្រុង Portland ដែលប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិ Portland បានបង្វែរសំណើសុំការអត្ថាធិប្បាយទៅកាន់រដ្ឋបាលសន្តិសុខដឹកជញ្ជូន ដែលគ្រប់គ្រងការត្រួតពិនិត្យអ្នកដំណើរទាំងអស់នៅអាកាសយានដ្ឋាន។

អ្នកនាំពាក្យ រដ្ឋបាលសន្តិសុខដឹកជញ្ជូន បាននិយាយថា ទីភ្នាក់ងារ “យកចិត្តទុកដាក់លើស្ថានភាពនេះយ៉ាងខ្លាំង ហើយបច្ចុប្បន្នកំពុងស៊ើបអង្កេតស្ថានភាព” ។ អ្នកនាំពាក្យរូបនេះបាននិយាយថា មន្ត្រីនៅអាកាសយានដ្ឋាន Portland បានរកឃើញអាវុធចំនួន ៤៣ ដើមនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។

លោក Wilson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកបានរកឃើញអាវុធក្នុងអំឡុងពេលហោះហើររបស់គាត់ពី San Francisco ទៅកាន់ទីក្រុងហុងកុង នៅពេលដែលលោកបានលូកចូលទៅក្នុងកាបូបរបស់លោកដើម្បីយកស្ករកៅស៊ូ។ លោកបានប្រាប់ភ្លាមៗដល់អាជ្ញាធរគយពេលចុះចតក្នុងទឹកដីចិន ដោយលោកបានបន្ថែមថា របាយការណ៍ព័ត៌មានដែលថាអាវុធត្រូវបានរកឃើញក្នុងពេលពិនិត្យកាបូបគឺមិនពិត។

លោក Wilson បាននិយាយថា ខណៈពេលដែលកាំភ្លើងខ្លីរបស់លោកមិនត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងហុងកុង វាត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្នុងរដ្ឋវ៉ាស៊ីនតោន ជាកន្លែងដែលលោកបានលាក់ទុកអាជ្ញាប័ណ្ណកាំភ្លើងខ្លី៕ ប្រែសម្រួលៈ ណៃ តុលា

To Top