ព័ត៌មានអន្តរជាតិ

សមាជិកអាស៊ាន ប្ដេជ្ញាពង្រឹងភាពជាដៃគូ របស់ខ្លួន ក្នុងវិស័យវប្បធម៌ និងសិល្បៈ

រូបភាព៖ Afp

អាស៊ាន៖ រដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសន្យាពង្រឹងភាពជាដៃគូរបស់ខ្លួន ក្នុងវិស័យវប្បធម៌ និងសិល្បៈ សំដៅលើកកម្ពស់តួនាទីនៃវប្បធម៌ និងសិល្បៈអាស៊ានឱ្យមានការរួមបញ្ចូល និងនិរន្តរភាព។

យោងតាមរបាយការណ៍ របស់ទូរទស្សន៍ជាតិ ឡាវ កាលពីថ្ងៃពុធ ប្រធានបទកំពុងពិភាក្សា ដោយប្រតិភូអាស៊ាន នៅក្នុងកិច្ចប្រជុំលើកទី១៩ នៃមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកវប្បធម៌ និងសិល្បៈ និងកិច្ចប្រជុំពាក់ព័ន្ធ ជាមួយដៃគូសន្ទនា ពីថ្ងៃអង្គារដល់ថ្ងៃពុធ។

កិច្ចប្រជុំនេះធ្វើឡើងនៅស្រុក Vangvieng នៃខេត្តវៀងចន្ទន៍ ប្រទេសឡាវ ក្រោមប្រធានបទ “ការលើកកម្ពស់តួនាទីនៃវប្បធម៌ និងសិល្បៈអាស៊ាន ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ក្នុង​ចំណោម​អ្នក​ ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ ​មាន​អភិបាលរង​ខេត្ត​វៀងចន្ទន៍ លោក Daoheuang Nanthavong អគ្គលេខាធិការ​រង​អាស៊ាន សម្រាប់​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន Ekkaphab Phanthavong និង​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​សមាជិក​អាស៊ាន ទីម័រឡេស្តេ និង​ប្រទេស​អាស៊ាន​បូក​បី។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក Suanesavanh Vignaket បានលើកឡើងថា “យើងដឹងហើយថា វប្បធម៌ និងសិល្បៈ គឺជាវិស័យដ៏សំខាន់មួយ ក្រោមសសរស្តម្ភនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំង ក្នុង​ការ​ពង្រឹង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​មិន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ​”។

លោកស្រីបានប្រាប់អង្គប្រជុំថា “វិស័យនេះដើរតួនាទីយ៉ាងរឹងមាំ ក្នុងការអនុវត្ត និងសម្រេចបាននូវផែនការយុទ្ធសាស្រ្តអាស៊ាន សម្រាប់វប្បធម៌ និងសិល្បៈ ២០១៦-២០២៥ និង ASCC Blueprint ឆ្នាំ២០២៥”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top