ព័ត៌មានអន្តរជាតិ

GDP របស់វៀតណាម នឹងងើបឡើងវិញដល់ ៦,៥ភាគរយ នៅឆ្នាំក្រោយ

រូបភាព៖ Afp

ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា មូលនិធិវិនិយោគ VinaCapital បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងងើបឡើងវិញ ដល់ ៦,៥ភាគរយនៅឆ្នាំក្រោយ ដែលជំរុញដោយការងើបឡើងវិញនៃការនាំចេញ។

ការស្ទុះងើបឡើងវិញនៃការនាំចេញនឹងត្រូវបានអមយ៉ាងជិតស្និទ្ធដោយការស្ទុះងើបឡើងវិញនៃទិន្នផលវិស័យផលិតកម្មក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Michael Kokalari ប្រធានសេដ្ឋវិទូនៅ VinaCapital បានឲ្យដឹងថា កំណើន GDP របស់វៀតណាមត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី 8 ភាគរយក្នុងឆ្នាំ២០២២ មកត្រឹម ៤,៧ ភាគរយនៅឆ្នាំ២០២៣ មុនពេលកើនឡើងដល់ ៦,៥ ភាគរយនៅឆ្នាំ២០២៤។

លោកបានលើកឡើងថា GDP របស់វៀតណាមទំនងជានឹងកើនឡើងតិចជាង ៥ភាគរយនៅឆ្នាំ២០២២ ដោយសារតែតម្រូវការទាបសម្រាប់ផលិតផល “Made in Vietnam”។

លោក Kokalari បានចាត់ទុកជាចម្បងការធ្លាក់ចុះនៃឆ្នាំ២០២៣ ចំពោះការធ្លាក់ចុះនៃទីផ្សារពិភពលោក ដែលនាំឱ្យមានការធ្លាក់ថ្លៃនៃការនាំចេញរបស់វៀតណាម។

យោងតាមក្រុមហ៊ុន VinaCapital ក្នុងឆ្នាំនេះ ការមកដល់របស់ភ្ញៀវទេសចរបរទេសនៅក្នុងប្រទេសវៀតណាម បានងើបឡើងវិញដល់ជិត ៧០ ភាគរយនៃកម្រិតមុនជំងឺកូវីដ-១៩ ដែលកំពុងជួយដល់កំណើន GDP នៅឆ្នាំ២០២៣៕

ប្រែសម្រួល ឈូក បូរ៉ា

To Top