ព័ត៌មានអន្តរជាតិ

ការការពារជន ស៊ីវិលមានសារៈសំខាន់បំផុត នៅក្នុងជម្លោះប្រដាប់អាវុធ

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការការពារជនស៊ីវិល មានសារៈសំខាន់បំផុត នៅក្នុងជម្លោះប្រដាប់អាវុធណាមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ប្រមុខអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ បើកកិច្ចពិភាក្សា ស្តីពីជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនថា “ការការពារជនស៊ីវិល មិនអាចមានន័យថា ការប្រើពួកវាជាខែលការពារមនុស្សនោះទេ”។

លោកបន្ដថា “ការការពារជនស៊ីវិលមិនមែនមានន័យថា បញ្ជាឱ្យមនុស្សជាង ១លាននាក់ ជម្លៀសទៅភាគខាងត្បូង ដែលគ្មានទីជម្រក គ្មានអាហារ គ្មានទឹក គ្មានថ្នាំ និងគ្មានប្រេងឥន្ធនៈ ហើយបន្ទាប់មកបន្តទម្លាក់គ្រាប់ បែកនៅភាគខាងត្បូងខ្លួនឯង” ។

លោក Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ “ការរំលោភយ៉ាងច្បាស់លាស់ នៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលយើងកំពុងធ្វើជាសាក្សី នៅតំបន់ហ្គាហ្សា” ។

លោក​បាន​បន្ថែមថា “ខ្ញុំ​សូម​បញ្ជាក់​ឲ្យ​ច្បាស់ថា គ្មាន​ភាគី​ជម្លោះ​ប្រដាប់​អាវុធ​ណា​មួយ​ស្ថិត​នៅ​ពី​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ឡើយ”។

ប្រមុខអង្គការសហប្រជាជាតិ បានបញ្ជាក់បន្ថែមថា ស្ថានការណ៍ “កាន់តែអាក្រក់ទៅៗ ពីមួយម៉ោងទៅមួយថ្ងៃ” ដោយបានអំពាវនាវជាថ្មី ឱ្យមានការឈប់បាញ់ មនុស្សធម៌ជាបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top