គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងទទួលបន្ទុកកិច្ចការសហគមន៍ ដែនដី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រទេសម៉ុលដូវ៉ា និងរូម៉ានី ស្តីពីការបង្កើត “ច្រករបៀងបៃតង” សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ។
“ច្រករបៀងបៃតង” ដែលត្រូវបានគ្រោងទុកនឹងតភ្ជាប់ ចំណុចឆ្លងកាត់ព្រំដែនផ្លូវនៃច្រក Reni របស់ប្រទេសអ៊ុយក្រែន, Giurgiulesti របស់ប្រទេស ម៉ុលដូវ៉ា (Moldova) និងច្រក Galati របស់ប្រទេសរ៉ូម៉ានី នៅតាមផ្លូវពីអ៊ុយក្រែន ឆ្ពោះទៅកាន់កំពង់ផែសមុទ្រ នៅក្នុងប្រទេសរ៉ូម៉ានី ។
“ច្រករបៀងបៃតង” ជាក្តីស្រមៃ ត្រូវបានមើលឃើញពីការសម្របសម្រួល នៃនីតិវិធីឆ្លងកាត់ព្រំដែន និងការកសាងឡើងវិញនៃផ្លូវហាយវេច្រក Reni ទៅកាន់ Galati ។
យោងតាមផែនការរបស់រដ្ឋាភិបាល អ៊ុយក្រែនបានឲ្យដឹងថា ការបង្កើតច្រករបៀងនេះនឹងបង្កើន សមត្ថភាពឆ្លងកាត់ព្រំដែន រវាងច្រក Reni ដល់ Giurgiulesti ដែលអាចឲ្យរថយន្តឆ្លងកាត់ ចាប់ពី៥០ដល់២៥០គ្រឿងក្នុង១ថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា