បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្តល់យោបល់ថា ទាហានលោកខាងលិចដែល ដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាក់ស្តែងដើម្បីប្រយុទ្ធជាមួយក្រុមភេរវករ ដែលនៅសេសសល់របស់រដ្ឋឥស្លាម (IS ដែលពីមុនជា ISIS) គួរតែត្រូវបានរៀបចំឡើងវិញដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Jerusalem កាលពីថ្ងៃអង្គារ លោក Macron បាននិយាយថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដែលរួមមានប្រទេសជាច្រើន គួរតែចាប់ផ្តើមបេសកកម្មថ្មីមួយប្រឆាំងនឹង ក្រុមដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា “ប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ ក្រុមចម្រុះដែលកំពុងប្រយុទ្ធ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងក្រុម ISIS ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសផងដែរ។ ខណៈពេលដែលលោកមិនបានលម្អិត អំពីសំណើនៅពេលនោះ លោកបានព្រមានថា ប្រតិបត្តិការប្រឆាំងនឹងក្រុមហាម៉ាស់ “ត្រូវតែគ្មានមេត្តា ប៉ុន្តែមិនមែនធ្វើដោយគ្មានច្បាប់នោះទេ”។
ការិយាល័យរបស់លោក Macron ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន Reuters ដោយពន្យល់ថា សម្ពន្ធអន្តរជាតិបច្ចុប្បន្នមិនត្រូវបានកំណត់ចំពោះ “ប្រតិបត្តិការនៅលើដីនោះទេ ប៉ុន្តែក៏មានការចូលរួមក្នុងការ បណ្តុះបណ្តាលកងកម្លាំងអ៊ីរ៉ាក់ ការចែករំលែកព័ត៌មានរវាងដៃគូ” និងការផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែង ប្រឆាំងភេរវកម្មបរទេសផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																											 
								 
																											 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									