ព័ត៌មានអន្តរជាតិ

ជប៉ុន និងហ្វីលីពីន ​ពិចារណាចាប់ផ្តើម កិច្ចចរចាលើកិច្ចព្រមព្រៀងសន្តិសុខថ្មី​

រូបភាពពី៖​ KYODO

តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន និងហ្វីលីពីន កំពុងពិចារណាការចរចាលើសន្ធិសញ្ញាទ្វេភាគីថ្មីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ និងសម្រួលដល់សមយុទ្ធរួមគ្នានេះ ចំពេលមានសកម្មភាពយោធាកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលដែលបានគ្រោងទុកនៅដើមខែវិច្ឆិកា នៅប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រីហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ត្រូវបានគេរំពឹងថា នឹងបើកការចរចារសម្រាប់ “កិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក” ដែលសម្របសម្រួលវត្តមានរបស់កងកម្លាំងបំពេញទស្សនកិច្ច។

វានឹងក្លាយជា RAA ដំបូងរបស់ប្រទេសជប៉ុន ដែលមានសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងទី៣ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយអូស្ត្រាលី និងអង់គ្លេស ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះរៀងៗខ្លួន។

យោងតាមប្រភពបានឱ្យដឹងថា អ្នកចរចាមកពីភាគីទាំងពីរគ្រោងនឹងស្វែងយល់ពីភាពស្មុគ្រស្មាញនៃសន្ធិសញ្ញានៅចុងឆ្នាំនេះ ដោយមានបំណងចុះហត្ថលេខាលើវានៅដើមឆ្នាំក្រោយ។

នៅក្នុងកិច្ចប្រជុំកំពូលនេះលោក គីស៊ីដា និងលោក Marcos ត្រូវបានគេរំពឹងថា នឹងសន្យាថានឹងបង្កើនសមយុទ្ធយោធារួមគ្នាដោយប្រទេសទាំងពីរនៅក្នុងសកម្មភាព ដែលនឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកផងដែរ។

ប្រភពបានឲ្យដឹងទៀតថា នៅចំពោះមុខការទាមទារទឹកដីរបស់ចិន នៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ជប៉ុន និងហ្វីលីពីន មានបំណងបង្កើនការរារាំងតាមរយៈសមយុទ្ធហ្វឹកហាត់រួមគ្នាជាទៀងទាត់ជាមួយសហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top