ព័ត៌មានអន្តរជាតិ

សមាជិកគ្រួសារ ៣នាក់របស់អ្នកកាសែត Al Jazeera ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា

រូបភាពពី៖​ AFP

ហ្គាហ្សា៖ ប្រភពពីសន្តិសុខ និងពេទ្យប៉ាឡេស្ទីន បានឲ្យដឹងថា សមាជិកគ្រួសារ ៣នាក់របស់លោក Wael Al-Dahdouh ដែលជាប្រធានការិយាល័យរបស់ Al Jazeera Arabic នៅទីក្រុងហ្គាហ្សា ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

ប្រភពវេជ្ជសាស្ត្រក្នុងស្រុកបានឲ្យដឹងថា ការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើផ្ទះពីរនៅក្នុងជំរុំជនភៀសខ្លួន Nuseirat បានសម្លាប់មនុស្សជាច្រើននាក់ រួមទាំងប្រពន្ធ កូនប្រុស និងកូនស្រីរបស់លោក Al-Dahdouh ផងដែរ។

ទោះបីជាត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅទៅកាន់ផ្នែកខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ក្នុងការស្វែងរកសុវត្ថិភាពក៏ដោយ ក៏គ្រួសារ Al-Dahdouh ត្រូវបានគេកំណត់គោលដៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។

ការផ្លាស់ទីលំនៅនេះ ធ្វើឡើងបន្ទាប់ពីការអំពាវនាវជម្លៀសរបស់អ៊ីស្រាអែល ដែលបញ្ជាឱ្យប្រជាជនប្រមាណ ១លាននាក់ ផ្លាស់ទៅតំបន់ភាគខាងត្បូងនៃតំបន់ដែលត្រូវបានឡោមព័ទ្ធកាលពីថ្ងៃទី១៣ ខែតុលា។

វីដេអូនៅលើបណ្តាញព័ត៌មាន Al Jazeera English បង្ហាញថា លោក Al-Dahdouh ចូលមន្ទីរពេទ្យ ដើម្បីមើលសមាជិកគ្រួសាររបស់លោក ដែលត្រូវបានសម្លាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើវេទិកាសង្គម X ស្ថាប័ន Al Jazeera បានបញ្ជាក់ពីមរណភាពរបស់សមាជិកគ្រួសាររបស់ លោក Al-Dahdouh និងបានចូលរួមរំលែកទុក្ខ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “បណ្តាញប្រព័ន្ធផ្សព្វផ្សាយ Al Jazeera សូមចូលរួមរំលែកទុក្ខ និងការអាណិតអាសូរដោយស្មោះ ចំពោះសហការីរបស់យើងលោក Weal Al-Dahdouh ចំពោះការបាត់បង់គ្រួសាររបស់លោក នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល” ។

កាសែតនេះបានបន្ថែមថា “Al Jazeera មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព និងសុខុមាលភាពរបស់សហសេវិករបស់យើងនៅហ្គាហ្សា ហើយឱ្យអាជ្ញាធរអ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះសន្តិសុខរបស់ពួកគេ”។

យោងតាមក្រុមអ្នកកាសែតប៉ាឡេស្ទីន អ្នកកាសែត ២៤ នាក់ត្រូវបានសម្លាប់ ខ្លះជាមួយគ្រួសាររបស់ពួកគេ និងរាប់សិបនាក់ទៀតបានរងរបួសចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប។

ក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដោយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ និងជ្រៀតចូលទឹកដីអ៊ីស្រាអែល ដែលអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស និងវិធានការដាក់ទណ្ឌកម្ម រួមទាំងការឡោមព័ទ្ធជុំវិញដោយការផ្គត់ផ្គង់ទឹក អគ្គិសនី ប្រេងឥន្ធនៈ និងសម្ភារៈចាំបាច់ផ្សេងៗទៀត​ត្រូវបានកាត់ផ្តាច់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top