ព័ត៌មានអន្តរជាតិ

លោក Biden បដិសេធ និងមិនជឿលើតួលេខ នៃអ្នកបាត់បង់ជីវិត ទាំង៧០០០នាក់ នៅហ្គាហ្សានោះទេ

ប្រភព ៖ Xinhua

បរទេស ៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញថា លោកមិនមានទំនុកចិត្តលើចំនួនអ្នកស្លាប់ និងរបួសដែលត្រូវបានដកស្រង់ ដោយអាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ចំពេលមានការទម្លាក់គ្រាប់បែក ដែលកំពុងបន្តលើទឹកដី ដោយកងកម្លាំងការពារ អ៊ីស្រាអែល (IDF)នោះទេ ។

យោងតាមការចេញផ្សាយរបស់ RT ក្រសួង​សុខាភិបាល ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស​ បាន​អះអាង​ថា ​រហូត​មក​ដល់​ពេល​នេះ​មនុស្ស​ជាង ៧ ពាន់​នាក់​ត្រូវ​បាន​សម្លាប់ ដោយសារការវាយប្រហារជាច្រើនដងផ្ទួនៗ ពីសំណាក់កងកម្លាំងយោធា របស់អ៊ីស្រាអែល ។

មេដឹកនាំអាមេរិករូបនេះ បានថ្លែងបដិសេធតួលេខនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសេតវិមានហើយបន្ថែមថា អ្វីដែលពួកគេនិយាយមកខ្ញុំ គឺខ្ញុំមិនមានគំនិតដែលថា ប៉ាឡេស្ទីន កំពុងនិយាយការពិតអំពីចំនួន មនុស្សត្រូវបានសម្លាប់នោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីខ្ញុំ​ប្រាកដ​ថា​ពិតជាមានជន​ស្លូតត្រង់​ត្រូវ​បាន​គេ​សម្លាប់ ហើយ​វា​ជា​តម្លៃ ​នៃ​ការ​ធ្វើ​សង្រ្គាម។

គួរឲ្យដឹងដែរថា អ៊ីស្រាអែលបានធ្វើការទម្លាក់គ្រាប់បែក ពីលើអាកាសដែលមិនធ្លាប់មាន ពីមុនមកលើតំបន់ហ្គាហ្សា ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ក្នុងការសងសឹក ចំពោះការវាយប្រហារ កាលពីថ្ងៃទី៧ខែតុលា លើទឹកដីរបស់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ក្នុងអំឡុងពេលដែលមនុស្ស ប្រហែល១៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់ នេះបើយោងតាមប្រភពផ្លូវការ របស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ស៊ុនលី

To Top