ព័ត៌មានអន្តរជាតិ

មនុស្ស ២នាក់ ត្រូវបានបញ្ជូនទៅ​មន្ទីរ​ពេទ្យ ​បន្ទាប់​ពី​ប៉ះ​ពាល់​សារធាតុ​វិទ្យុសកម្ម​ នៅ​រោងចក្រហ្វូគូស៊ីម៉ា

Kyodo

តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា បុរសពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពួកគេបានប៉ះពាល់ នឹងសារធាតុវិទ្យុសកម្ម ខណៈពេលកំពុងសម្អាតកន្លែងចម្រោះទឹក នៅឯរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។

កម្មករទាំងពីរនាក់ ម្នាក់ក្នុងវ័យ ២០ឆ្នាំ និងម្នាក់ទៀតអាយុ ៤០ឆ្នាំ គឺជាបុគ្គលិកនៃក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Fukushima Medical University ដើម្បីធ្វើការសម្អាត និងដាក់ឱ្យស្ថិតនៅក្រោមការសង្កេត។

ការប៉ះពាល់នេះបានកើតឡើងនៅពេល ដែលពួកគេកំពុងសម្អាតបំពង់ នៅឯកន្លែងចម្រោះរបស់ TEPCO ដែលហៅថា ប្រព័ន្ធដំណើរការរាវកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើង ដើម្បីព្យាបាលទឹក ដែលប្រើប្រាស់ក្នុងភាពត្រជាក់នៃឥន្ធនៈនុយក្លេអ៊ែរ ដែលនៅសេសសល់ក្នុងរោងចក្រ។

ក្រុមហ៊ុន​បានឲ្យដឹង​ថា ទុយោ​ដែល​បង្ហូរ​ដំណោះស្រាយ​កខ្វក់​បាន​រលុង ដោយ​បាញ់​ទឹក​លើ​កម្មករ ៥ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន​។

នៅលើជនរងគ្រោះម្នាក់ កាំរស្មីបេតាចំនួន ៦,៦ មីលីស៊ីវេតត្រូវបានរកឃើញ ដែលលើសពីដែនកំណត់នៃ ៥ មីលីស៊ីវេត ដែលបានកំណត់សម្រាប់ការងារសម្អាតនៅរោងចក្រ នេះបើយោងតាមក្រុមហ៊ុន TEPCO ។ អង្គធាតុរាវ ដែលកខ្វក់បានជ្រាបចូលតាម ឈុតការពាររបស់លោក ដោយបង្ហាញរាងកាយទាំងមូលរបស់លោក លើកលែងតែមុខរបស់លោកទៅនឹងវិទ្យុសកម្ម។

TEPCO បានឲ្យដឹងទៀតថា ការអានកាំរស្មីបេតានៅលើ ឈុតការពាររបស់ជនរងគ្រោះម្នាក់ទៀតគឺ ១,៦មីលីស៊ីវេត ដោយបានយកដៃ និងផ្នែកខាងក្រោមរបស់លោក ប៉ះពាល់នឹងសារធាតុនោះ។ បុរស​ទាំង​ពីរ​នាក់​នោះ​មិន​បាន​ពាក់អាវ​ក្រៅ​មិន​ជ្រាប​ទឹក​ដូច​ដែល​តម្រូវ​ការ ​សម្រាប់​ការ​សម្អាត​បែប​នេះ​ទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top