ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានបង្ហាញកិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំង ដែលបានចុះហត្ថលេខា កាលពីសប្តាហ៍មុនក្នុងទីក្រុង Barbados សម្រាប់ការផ្តល់សច្ចាប័ន ដោយវិស័យផ្សេងៗនៃសង្គម ដោយបង្ហាញទំនុកចិត្តថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចត្រូវបានដកចេញតាមរបៀប “សរុប និងជាអចិន្ត្រៃយ៍” ។
លោកបានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទជាតិ សម្រាប់ការសន្ទនា សន្តិភាព និងការរួមរស់ក្នុងរដ្ឋម៉ារ៉ាន់ដា ឲ្យដឹងថា “ជាមួយនឹងឯកភាពជាតិ និងសន្និសីទជាតិនេះ យើងត្រូវបង្រួបបង្រួមការដកទាំងស្រុង សរុប និងជាអចិន្ត្រៃយ៍នៅក្នុងពេលនៃការដាក់ទណ្ឌកម្ម និងវិធានការបង្ខិតបង្ខំឯកតោភាគី” ។
នៅក្នុងជំនួបនោះ លោក ម៉ាឌូរ៉ូ បានថ្លែងអំណរគុណដល់មេដឹកនាំបក្សប្រឆាំង និងអ្នកជំនួញ សម្រាប់ជំហររបស់ពួកគេ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ហើយធានាពួកគេថា “ដៃរបស់យើងបើកចំហ” សម្រាប់ការសន្ទនា ការគោរព និងការស្វែងរកការឯកភាព។
លោកបានលើកឡើងថា “កិច្ចព្រមព្រៀងដែលយើងទើបតែចុះហត្ថលេខានៅ Barbados និងកិច្ចព្រមព្រៀង ដែលយើងចុះហត្ថលេខាក្នុងសន្និសិទសន្តិភាពជាតិនេះ គួរតែផ្តល់ឱ្យយើងនូវរយៈពេល ២០, ៣០, ៤០ ឆ្នាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ការងើបឡើងវិញនៃសេដ្ឋកិច្ច ការកសាងគំរូសេដ្ឋកិច្ចថ្មី និងវិបុលភាពជាតិ” ។
កិច្ចព្រមព្រៀង Barbados បង្កើតចំណុចសំខាន់ចំនួនបួន៖ ការទាមទារឱ្យមានការដកទណ្ឌកម្ម; ការការពារ “សិទ្ធិប្រវត្តិសាស្ត្រ នយោបាយ និងផ្លូវច្បាប់” របស់វេណេហ្ស៊ុយអេឡា លើទឹកដី Essequibo; ការថែរក្សាសន្តិភាព និងស្ថាប័នប្រជាធិបតេយ្យ និងការបដិសេធការគំរាមកំហែង ដែលធ្វើឱ្យកិច្ចព្រមព្រៀង Barbados មានហានិភ័យ ៕
ប្រែសម្រួល ឈូក បូរ៉ា