ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ផ្តល់ទូកល្បាត ១២ គ្រឿងឱ្យប៉ូលីសដែនសមុទ្ររបស់ប្រទេសថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងការរត់ពន្ធខុសច្បាប់

Photo supplied

បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានប្រគល់ទូកល្បាតចំនួន ១២ គ្រឿងទៅឱ្យនាយកដ្ឋានប៉ូលីសដែនសមុទ្ររបស់ប្រទេសថៃ សម្រាប់ប្រតិបត្តិការនៅទន្លេមេគង្គដើម្បីប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀន និងការរត់ពន្ធខុសច្បាប់ ក៏ដូចជាឧក្រិដ្ឋកម្មឆ្លងដែន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក Robert F Godec បានបង្ហាញទូកល្បាតនៅក្នុងពិធីមួយនៅទីស្នាក់ការអនុកងពលលេខ ១១ របស់ប៉ូលីសសមុទ្រក្នុងស្រុក Muang ខេត្ត Nong Khai ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក Rachan Soonhua អភិបាលខេត្ត Nong Khai , លោកឧត្តមសេនីយ៍ Wiwat Chaisangkha ស្នងការរងនៃការិយាល័យស៊ើបអង្កេតកណ្តាល និងលោកឧត្តមសេនីយ៍ Pritthipong Nuchanart មេបញ្ជាការកងពលប៉ូលីសដែនសមុទ្រ។

លោក Robert F Godec បាននិយាយថា ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការគ្រឿងញៀន និងការអនុវត្តច្បាប់អន្តរជាតិ (INL) រវាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ និងប៉ូលីសភូមិន្ទថៃ៕ ប្រែសម្រួលៈ ណៃ តុលា

To Top