សិង្ហបុរី៖ នៅថ្ងៃសៅរ៍នេះ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្តែងការចូលរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ដោយបានហៅលោកថា ជា “រដ្ឋបុរស ដែលបានបម្រើប្រទេសរបស់លោកដោយការលះបង់ដ៏ខ្ពង់ខ្ពស់បំផុត” ។
លោក Li បានទទួលមរណភាពដោយសារគាំងបេះដូងកាលពីថ្ងៃសុក្រក្នុងវ័យ៦៨ឆ្នាំ គិតទៅមានរយៈពេលប្រហែល៧ខែបន្ទាប់ពីការចូលនិវត្តន៍ពីតំណែងមួយទសវត្សរ៍ ។
លោក Lee បានសរសេរនៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីចិន Li Qiang ថា “ក្រោមការដឹកនាំរបស់គាត់ ប្រទេសចិន បានយកឈ្នះលើបញ្ហាប្រឈមជាច្រើន ដោយសង្កត់លើកំណែទម្រង់ និងការបើកចំហរ និងសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលធ្វើឲ្យជីវភាពប្រជាជនចិន មានភាពប្រសើរឡើង” ។
លោកបានកត់សម្គាល់ថា លោកបានជួបជាមួយអតីតនាយករដ្ឋមន្ត្រីជាលើកដំបូងនៅក្នុងឆ្នាំ២០០៥ នៅក្នុងទីក្រុង Shenyang នៃខេត្ត Liaoning ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសសិង្ហបុរី និងប្រទេសចិន ។
លោក Lee បានថ្លែងថា “ខ្ញុំចងចាំយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់គាត់ទៅកាន់ប្រទេសសិង្ហបុរីក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១៨ ដែលបានផ្តល់ឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគី របស់យើង នូវការជំរុញឲ្យបានទាន់ពេលវេលា” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា