បរទេស៖ បុរសដែលប៉ូលិសកំពុងតាមតាមខ្លួន ក្នុងការបាញ់ប្រហារដ៏ធំមួយនៅទីលានប៊ូលីង និងបារ ដែលបានសម្លាប់មនុស្ស ១៨ នាក់ និងធ្វើឱ្យរបួស ១៣ នាក់ ត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃសុក្រ ដោយបានបញ្ចប់ការស្វែងរកដែលធ្វើឲ្យរដ្ឋ Maine ទាំងមូលតានតឹងក្នុងរយៈពេល ២ ថ្ងៃចុងក្រោយនេះ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីអនុវត្តច្បាប់បានប្រាប់សារព័ត៌មាន Associated Press ថា ជនសង្ស័យឈ្មោះ Robert Card ដែលត្រូវបានប៉ូលិសតាមចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនៅ Schemengees Bar និង Grille និងនៅទីលានលេងប៊ូលីង Just-In-Time Recreation ក្នុងទីក្រុង Lewiston ត្រូវបានគេជឿថាបានស្លាប់ដោយសារកាំភ្លើងដោយខ្លួនឯង ។
មន្ត្រីរូបនេះមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាលម្អិតនៃការស៊ើបអង្កេតជាសាធារណៈនោះទេ ហើយបាននិយាយទៅកាន់សារព័ត៌មាន AP ក្នុងលក្ខខណ្ឌអនាមិក។
ការិយាល័យប៉ូលិសតំបន់ County Androscoggin បានបញ្ជាក់ពីការស្លាប់របស់ជនសង្ស័យឈ្មោះ Card នៅក្នុងការបង្ហោះ Facebook ដោយនិយាយថា ជនសង្ស័យនៅក្នុងការបាញ់ប្រហារ “ត្រូវបានគេរកឃើញហើយបានស្លាប់ហើយ” ។
មន្រ្តីសហរដ្ឋអាមេរិកបានប្រាប់ APថា ជនសង្ស័យមានអាយុ ៤០ ឆ្នាំ រស់នៅទីក្រុង Bowdoin រដ្ឋ Maine សហរដ្ឋអាមេរិក គឺជាអ្នកបម្រុងរបស់កងទ័ពសហរដ្ឋអាមេរិក ដែលបានទទួលការវាយតម្លៃសុខភាពផ្លូវចិត្តកាលពីពាក់កណ្តាលខែកក្កដា បន្ទាប់ពីគាត់បានចាប់ផ្តើមសម្តែងអាការៈខុសប្រក្រតី អំឡុងពេលហ្វឹកហាត់៕ ប្រែសម្រួលៈ ណៃ តុលា