ព័ត៌មានអន្តរជាតិ

នៅតាមសាលារៀន និងទីសាធារណៈនៅទូទាំងប្រទេសអាល្លឺម៉ង់ រងការគំរាមថា នឹងមានការដាក់បំផ្ទុះគ្រាប់បែក

រូបភាពពី៖​ AFP

ប៊ែកឡាំង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ថា ការគម្រាមដាក់បំផ្ទុះគ្រាប់បែក បានជំរុញឱ្យមានការជម្លៀសសិស្សចេញពីសាលារៀនជាច្រើនកន្លែង នៅទូទាំងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ ហើយការជូនដំណឹងនេះបានធ្វើតាមការគំរាមកំហែងស្រដៀងគ្នានេះដែលបានកើតឡើងកាលពីមួយសប្តាហ៍នៅក្នុងតំបន់ផ្សេងៗនៃប្រទេសនេះ ។

ប៉ូលិសប្រចាំនៅ Aalen ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅតាមសាលារៀនត្រូវបានគេស្វែងរកវត្ថុគួរឱ្យសង្ស័យ ប៉ុន្តែមិនត្រូវបានគេរកឃើញអ្វីនោះទេ” ។

អាជ្ញាធរបានបញ្ជាក់ថា “ការគំរាមកំហែង គឺស្ទើរតែជាផ្នែកមួយនៃការគ្រោងទុក” ។ កម្លាំងសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវបទល្មើសទ្រង់ទ្រាយធំ ដើម្បីស្វែងរកជនបង្ក ។

កាលពីថ្ងៃសុក្រ សាលាក្រុងក្នុងទីក្រុង Erfurt រដ្ឋធានី Thuringia ត្រូវបានបិទដោយសារការជូនដំណឹងអំពីការបំផ្ទុះគ្រាប់បែក ។ អ្នកនាំពាក្យប៉ូលិសបានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ការគំរាមកំហែងនេះត្រូវបានទទួលតាមរយៈអ៊ីមែល ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីហេតុផលដែលអាចកើតមាននោះទេ ។

សាលារៀន គឺជាគោលដៅចម្បងនៃការគម្រាមកំហែងសម្រាប់ការដាក់បំផ្ទុះគ្រាប់បែកកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុងប៊ែកឡាំង និងស្ថានីយ៍វិទ្យុនៅក្នុងទីក្រុង Weimar ក៏ជាគោលដៅសំខាន់ផងដែរ ។ វាហាក់ដូចជាការគំរាមកំហែងភាគច្រើនត្រូវបានផ្ញើតាមរយៈអ៊ីមែល ប៉ុន្តែព័ត៌មានលម្អិតជាច្រើននៅតែមិនច្បាស់លាស់ដដែល ។

លោក Felix Klein ស្នងការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងនឹងក្រុមបង្រៀនផ្នែកសាសនា បានថ្កោលទោសទៅលើការគំរាមកំហែងដោយគ្រាប់បែកនៅទូទាំងប្រទេស ដោយបានហៅករណីនេះថា ជាការប៉ុនប៉ងគួរឱ្យស្អប់ខ្ពើមបំផុត ដោយក្នុងន័យធ្វើការបំភិតបំភ័យ ដែលនេះជាការលើកឡើងនៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយRedaktionsnetzwerk Deutschland កាលពីថ្ងៃពុធ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top