ព័ត៌មានអន្តរជាតិ

ជើងហោះហើរមួយរបស់ឥណ្ឌូនេស៊ី ទទួលបានជោគជ័យក្នុងការហោះហើរ ដោយប្រើប្រាស់ប្រេងឥន្ធនៈលាយជាមួយ នឹងប្រេងដូង

រូបភាពពី៖​ XINHUA

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ក្រុមហ៊ុនដឹកជញ្ជូនដែលបំពាក់ទង់ជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ឈ្មោះថា Garuda Indonesia បានឲ្យដឹងថា ខ្លួនបានទទួលជោគជ័យក្នុងការហោះហើរយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្ម ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍លាយជាមួយនឹងប្រេងដូង ។

យន្តហោះ Boeing 737-800NG ដែលមានមនុស្សជិះលើសពី១០០នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅក្នុងខេត្ត Banten កាលពីថ្ងៃសុក្រ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Adi Soemarmo នៅក្នុង ខេត្ត ជ្វាកណ្តាល (Central Java) ដែលមានចម្ងាយប្រហែល៥៥០គីឡូម៉ែត្រ ។

លោក Irfan Setiaputra ប្រធានក្រុមហ៊ុន Garuda Indonesia បានឲ្យដឹងនៅឯអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ថា “នេះជាលើកដំបូងហើយ បន្ទាប់ពីបានអនុវត្តការសាកល្បងជោគជ័យ យើងបានប្រើប្រាស់ឥន្ធនៈជីវៈសម្រាប់ជើងហោះហើរពាណិជ្ជកម្ម” ។

ឥន្ធនៈយន្តហោះជំនួសនេះត្រូវបានផលិតដោយក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ី PT Pertamina ។ ប្រទេសឥណ្ឌូណេស៊ី បានធ្វើការហោះហើរសាកល្បងលើកដំបូងរបស់ខ្លួនជាមួយនឹងប្រភេទប្រេងឥន្ធនៈស្រដៀងគ្នានៅលើយន្តហោះនៅឆ្នាំ២០២១ ។

ក្នុងនាមជាប្រទេសផលិតប្រេងដូងធំជាងគេនៅលើពិភពលោក ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននឹងកំពុងខិតខំប្រឹងប្រែងពង្រីកការប្រើប្រាស់ជីវឥន្ធនៈ ដើម្បីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top