ព័ត៌មានអន្តរជាតិ

Update៖ ព្យុះសង្ឃរា Otis វាយប្រហារមកលើដែនដីម៉ិកស៊ិក បានឆក់យកជីវិតមនុស្សអស់រហូតដល់៣៩នាក់

រូបភាពពី៖​ XINHUA

ម៉ិកស៊ីកូ ស៊ីធី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា រដ្ឋាភិបាលម៉ិកស៊ិកបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា Otis បានកើនឡើងដល់៣៩នាក់ហើយនៅក្នុងរដ្ឋ Guerrero ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក ក្នុងនោះដែរមានមនុស្សចំនួន១០នាក់ត្រូវបានគេរាយការណ៍មកថា កំពុងតែបាត់ខ្លួននៅឡើយ ។

ហេដ្ឋារចនាសម្ព័ន្ធដែលរួមមាន សណ្ឋាគារប្រហែល៨០ភាគរយត្រូវបានប៉ាន់ប្រមាណថា ត្រូវបានខូចខាត ហើយសេវាកម្មសំខាន់ៗត្រូវបានកាត់ផ្តាច់ ។ គណៈកម្មការអគ្គិសនីសហព័ន្ធបានលើកឡើងយ៉ាងដូច្នេះថា អគ្គិសនីត្រូវបានស្ដារដល់អតិថិជនប្រហែល៥៥ភាគរយ ។

គួរបញ្ជាក់ថា ព្យុះសង្ឃរា Otis បានវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រ Guerrero កាលពីថ្ងៃពុធ ដែលជាព្យុះប្រភេទទី៥ នៅលើមាត្រដ្ឋាន Saffir-Simpson ដោយបាននាំមកនូវការខូចខាតជាមហន្តរាយធ្ងន់ធ្ងរ នៅពេលព្យុះនេះបានកើតឡើង ហើយបានបំផ្លាញនៅក្នុងរមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយម Acapulco ។

លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិកស៊ិក បានថ្លែងថា “យើងនឹងជួយប្រជាជនទាំងអស់នៅឯAcapulco ដោយមនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់ ហើយយើងនឹងស្តារ Acapulco ឡើងវិញ ដែលនោះគឺជាការសន្យារបស់ខ្ញុំ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top