ព័ត៌មានអន្តរជាតិ

ប៉ូលិសប៉ាគីស្ថាន ចាប់ខ្លួនក្រុមភេរវករបានចំនួន១០នាក់ នៅរដ្ឋភាគខាងកើត

https://azertag.az/en

ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា នាយកដ្ឋានប្រឆាំងនឹងភេរវកម្ម ហៅកាត់ថា (CTD) ចំណុះឲ្យស្នងការប៉ូលិសបានឲ្យដឹងថា ប៉ូលិសនៅក្នុងខេត្ត Punjab ស្ថិតនៅភាគខាងកើតនៃប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនក្រុមភេរវករបានចំនួន១០នាក់រួមទាំងមេបញ្ជាការនៃក្រុម Tehrik-e-Taliban Pakistan (TTP) CTD ផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានដាក់ថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅគ្រាដែលនាយកដ្ឋាន CTD បានចាប់ផ្តើមប្រតិបត្តិការដាច់ដោយឡែកនៅទូទាំងខេត្តដោយធ្វើសកម្មភាពផ្អែកលើរបាយការណ៍ចារកម្មទាក់ទងនឹងវត្តមានរបស់ក្រុមភេរវករទាំងនេះ ។

សេចក្តីថ្លែងការណ៍បានដាក់ថា មេបញ្ជាការ TTP ដែលត្រូវបានឃុំខ្លួនជាមួយបក្ខពួកចំនួន៤នាក់ក្នុងការវាយឆ្មក់មួយនោះ គ្រោងនឹងវាយប្រហារទីតាំងដ៏រសើបមួយចំនួននៅក្នុងខេត្ត ប៉ុន្តែផែនការភេរវកម្មនេះត្រូវបានរារាំងដោយវិធានការទាន់ពេលវេលាដែលធ្វើឡើងដោយនាយកដ្ឋាន CTD ។

ភ្នាក់ងារអនុវត្តច្បាប់ក៏បានរឹបអូសសម្ភារៈគ្រឿងជាតិផ្ទុះ គ្រាប់បែកដៃ អាវុធ ទូរស័ព្ទដៃ និងប្រាក់ពីភេរវករដែលត្រូវបានចាប់ខ្លួនទំាងនោះផងដែរ ។

អត្តសញ្ញាណរបស់ក្រុមភេរវករចំនួន៥នាក់ផ្សេងទៀតមិនត្រូវបានគេបង្ហាញឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នោះឡើយ ។

ចំពោះសកម្មជនប្រយុទ្ធដែលត្រូវបានចាប់ខ្លួនត្រូវបានបញ្ជូនទៅកាន់ទីតាំងដែលមិនស្គាល់សម្រាប់ការស៊ើបអង្កេតបន្ថែមទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top