បរទេស៖រដ្ឋមន្ត្រីការពារជាតិប្រទេសឆេកលោកស្រី Jana Cernochova បាននិយាយថា អង្គការសហប្រជាជាតិបានបាត់បង់ភាពជឿជាក់ទាំងអស់ ហើយសាធារណរដ្ឋឆេកគួរតែធ្វើការចាកចេញពីអង្គការអន្តរជាតិមួយនេះ។
យោងតាមការចេញផ្សាយដោយ RT លោកស្រីបានលើកឡើងពីការបោះឆ្នោតកាលពីថ្ងៃសុក្រ ដែលឃើញរដ្ឋសមាជិកភាគច្រើនគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាភស្តុតាងដែលបង្ហាញថាអង្គការសហប្រជាជាតិពេញចិត្តចំពោះលទ្ធផលនេះ។
នៅក្នុងការបង្ហោះមួយរបស់លោកស្រីនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍លោកស្រី Cernochova បានសរសេរថា មានតែប្រទេសចំនួន១៤ប៉ុណ្ណោះ រួមទាំងប្រទេសរបស់យើង ដែលបានក្រោកឈរឡើងប្រឆាំងនឹងការវាយប្រហារភេរវកម្មដែលមិនធ្លាប់មានពីមុនមកដែលប្រព្រឹត្តដោយភេរវករហាម៉ាស ។
លោកស្រីបានពន្យល់ថា៖តាមគំនិតរបស់ខ្ញុំសាធារណរដ្ឋឆេកមិនមានអ្វីត្រូវរំពឹងនៅក្នុងអង្គការដែលគាំទ្រភេរវករ ហើយមិនគោរពសិទ្ធិជាមូលដ្ឋានក្នុងការការពារខ្លួននោះទេដូច្នេះយើងគួរតែនាំគ្នាចាកចេញទៅល្អជាង៕
ប្រែសម្រួល៖ស៊ុនលី
