ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ឆ្លើយតបថា មិនខ្លាចការគម្រាមកំហែង របស់អាមេរិក ចំពោះជំហរបស់ខ្លួននៅហ្គាហ្សា ឡើយ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងមិនអើពើការព្រមានរបស់សហរដ្ឋអាមេរិក មិនឱ្យធ្វើអន្តរាគមន៍ក្នុងជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលនោះទេហើយលោកក៏បានរិះគន់លោកខាងលិចជុំវិញការស្ទាក់ស្ទើរក្នុងការជួយបញ្ចប់អស្ថេរភាពនេះដែរ។

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមអ្នកកាសែត Al Jazeera ដែលមានមូលដ្ឋាននៅកាតាកាលពីថ្ងៃសៅរ៍ លោក Raisi បាននិយាយថា៖រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងស្នើសុំឱ្យយើងកុំផ្លាស់ទីខណៈពេលដែលផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អង្គភាព Zionistនេះគឺជាការទាមទារដែលមិនត្រឹមត្រូវនោះទេ។

ប្រធានាធិបតីអ៊ីរ៉ង់ក៏បានអះអាងដែរថា ប្រតិបត្តិការជើងគោកដែលកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកំពុងប្រតិបត្តិការនឹងទទួលបរាជ័យ ដោយពណ៌នាថាវាជាជ័យជម្នះទីពីរ សម្រាប់ជនប៉ាឡេស្ទីនបន្ទាប់ពីការបាញ់បង្ហោះ មីស៊ីលជាច្រើនរយគ្រាប់ទាំងគួរឱ្យភ្ញាក់ផ្អើលដំបូងកាលពីថ្ងៃទី៧ខែតុលា។

លើសពីនេះផងដែរលោកRaisi បានបន្តចោទប្រកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបដែលមិនបញ្ចេញឈ្មោះមួយចំនួនថា រារាំងបទឈប់បាញ់នៅហ្គាហ្សា ដោយហៅគោលនយោបាយបែបនេះថាជាឧក្រិដ្ឋកម្ម។

លោកបានបន្ថែមទៀតដែរថា​៖ការគណនារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ហ្គាហ្សាគឺខុសទាំងស្រុង ហើយបាននិយាយថា វានឹងមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនជាមួយនឹងមជ្ឈិមបូព៌ាថ្មីនោះទេហើយសង្កត់ធ្ងន់ថា ការគាំទ្ររបស់ទីក្រុងតេហរ៉ង់សម្រាប់ប៉ាឡេស្ទីន មិនមែនជាកម្មវត្ថុនៃការសម្របសម្រួលទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top