ព័ត៌មានអន្តរជាតិ

រុស្សីទើបតែសម្រេចចិត្ត​ បញ្ចប់ទៅនៃកម្មវិធី ផ្តល់ទិដ្ឋាការឥតគិតថ្លៃ ឲ្យជនជាតិអ៊ុយក្រែន

Sputnik

បរទេស៖កិច្ចព្រមព្រៀង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលអនុញ្ញាតឱ្យពលរដ្ឋ របស់ពួកគេឆ្លងកាត់ព្រំដែន រវាងប្រទេសនានា ដោយគ្មានទិដ្ឋាការ លែងមានសុពលភាពទៀតហើយ នេះបើយោងតាមសេចក្តីជូនដំណឹងផ្លូវការ របស់ក្រសួងការបរទេសរុស្ស៊ី ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទម្សិលមិញ។

យោងតាមការចេញ ផ្សាយរបស់ RT សេចក្តីជូនដំណឹង បាននិយាយថា ៖កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី និងរដ្ឋាភិបាលនៃអ៊ុយក្រែនស្តីពីការធ្វើដំណើរដោយគ្មានទិដ្ឋាការរបស់ពលរដ្ឋ នៃសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន ដែលបានចុះហត្ថលេខានៅទីក្រុងម៉ូស្គូនៅថ្ងៃទី១៦ខែមករា ឆ្នាំ១៩៩៧ បានផុតកំណត់នៅថ្ងៃទី១ខែមករា ឆ្នាំ២០២៣មកម្ល៉េះ ។

យោងតាមក្រសួងការបរទេស អ៊ុយក្រែនបានផ្ញើលិខិតមួយទៅរុស្ស៊ី កាលពីពាក់កណ្តាលឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យទីក្រុងម៉ូស្គូដឹងថា សន្ធិសញ្ញានេះ នឹងមិនបន្តទេ ហើយទីក្រុងគៀវនឹងចាប់ផ្តើមទាមទារ ទិដ្ឋាការពីពលរដ្ឋរុស្ស៊ីផងដែរ។

គួរឲ្យដឹងដែរថាកាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែន ចូលប្រទេសរុស្ស៊ី បើទោះបីជាលិខិតឆ្លងដែនរបស់ពួកគេបានផុតកំណត់ក៏ដោយ និងបានគូសបញ្ជាក់អំពីប្រភេទ ឯកសារដែលចាត់ទុកថា អាចទទួលយកបានខណៈដែលជនជាតិអ៊ុយក្រែន រាប់លាននាក់បានស្វែងរកជម្រក នៅក្នុងប្រទេសរុស្ស៊ីពីជម្លោះ ដែលបានផ្ទុះឡើង នៅក្នុងខែកុម្ភៈឆ្នាំ២០២២៕
ប្រែសម្រួល៖ស៊ុនលី

To Top