ព័ត៌មានអន្តរជាតិ

បាត់ខ្លួន៦នាក់ ក្រោយហេតុការលិចទូក នៅភាគខាងត្បូងប៉ាគីស្ថាន

ប្រភព ៖ Xinhua

ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារជួយសង្គ្រោះ និងប៉ូលិសបានរាយការណ៍មកថា មនុស្សចំនួន៦នាក់បានបាត់ខ្លួន នៅគ្រាដែលទូក១គ្រឿងបានក្រឡាប់លិចកាលពីថ្ងៃចន្ទ នៅក្នុងព្រែកជីកមួយនៅក្នុងស្រុក Khairpur នៃខេត្ត Sindh ស្ថិតនៅភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន ។
នៅព្រឹកនេះ អាជ្ញាធរបានឲ្យដឹងថា មនុស្សសរុបចំនួន១២នាក់នៅលើទូកដែលបានក្រឡាប់នៅក្នុងព្រឺកជីក Nara ។

ក្រោយកើតហេតុភ្លាមៗ អ្នកស្រុកបានជួយសង្គ្រោះមនុស្សចំនួន៦នាក់ឱ្យនៅរស់រានមានជីវិត ខណៈ៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។

បន្ទាប់មក ក្រុមអ្នកជួយសង្គ្រោះបានទៅដល់កន្លែងនោះ ប៉ុន្តែបានបញ្ចប់ប្រតិបត្តិការរុករកនៅពេលល្ងាច ដែលមិនបានសម្រេច ដោយអាជ្ញាធរបានបញ្ជាក់ឲ្យដឹងទៀតថា ប្រតិបត្តិការនឹងត្រូវបន្តឡើងវិញនៅព្រឹកថ្ងៃអង្គារនេះ ។

គេជឿជាក់ថា មូលហេតុនៃការលិចទូកនោះ អាចមកពីផ្ទុកលើសទម្ងន់ ។

អាជ្ញាធរបានឲ្យដឹងថា អ្នកដំណើរដែលមកពីស្រុកនៅក្នុងតំបន់នោះ នឹងត្រូវទៅចូលរួមនៅក្នុងពិធីមង្គលការមួយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top