យូអិន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរី លោក Geir Pedersen បានព្រមានថា ការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចូលទៅក្នុងប្រទេសស៊ីរី បានចាប់ផ្តើមរួចហើយ។
លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក ជម្លោះស៊ីរីបានស្ថិតក្នុងភាពជាប់គាំងជាយុទ្ធសាស្ត្រមួយ ដែលកំណត់ដោយជួរមុខឋិតិវន្ត អំពើហិង្សាជាប់លាប់ និងការកើនឡើងជាលំដាប់ ដោយអាជ្ញាធរបានពង្រឹងការគ្រប់គ្រងរបស់ពួកគេ និងកងទ័ពបរទេសចំនួន ៥ មានវត្តមាន និងសកម្ម។
លោកបានលើកឡើងថា “ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានព្រមានជាយូរមកហើយថា ស្ថានភាពបច្ចុប្បន្ននេះ ទុកឱ្យប្រទេសស៊ីរី ប្រឈមនឹងហានិភ័យនៃការរសាត់ចូលទៅក្នុងការបែកបាក់កាន់តែជ្រៅ និងអូសបន្លាយ ហើយថាវាពាក់ព័ន្ធនឹងការកើនឡើងហានិភ័យនៃប្រភេទដ៏គួរឱ្យភ័យខ្លាចបំផុត” ។
លោកបន្ដថា “ការព្រមានរបស់ខ្ញុំបានកើនឡើងកាន់តែខ្លាំងនៅឆ្នាំនេះ ដោយសារយើងបានឃើញការកើនឡើងនូវអស្ថិរភាព និងអំពើហឹង្សា ដែលកាន់តែធ្ងន់ធ្ងរឡើងដោយកង្វះដំណើរការនយោបាយដ៏មានអត្ថន័យ។ ថ្ងៃនេះ ខ្ញុំកំពុងបន្លឺសំឡេងរោទិ៍ថា ស្ថានភាពពេលនេះស្ថិតក្នុងគ្រោះថ្នាក់បំផុត អស់រយៈពេលជាយូរមកហើយ”។
លោក Pedersen បានលើកឡើងថា លោកកំពុងបន្លឺសំឡេងរោទិ៍ ដោយសារតែអំពើហិង្សា ដែលកើតចេញពីជម្លោះស៊ីរីផ្ទាល់ ប្រជាជនស៊ីរី ឥឡូវនេះប្រឈមមុខនឹងការរំពឹងទុកដ៏គួរឱ្យភ័យខ្លាចនៃការកើនឡើងដ៏ធំទូលាយមួយ ដោយសារការវិវត្តគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន និងតំបន់ដែលកាន់កាប់។
ការវាយប្រហារតាមអាកាស ដែលសន្មតថាជារបស់អ៊ីស្រាអែល បានវាយប្រហារអាកាសយានដ្ឋានអាឡេប៉ូ និងដាម៉ាស់ ជាច្រើនដងក្នុងខែមុន។ លើសពីនេះ អ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានឆ្លើយតបដោយកាំភ្លើងធំ កាំភ្លើងត្បាល់ និងការវាយប្រហារតាមអាកាស ឆ្ពោះទៅរកអ្វីដែលពួកគេបាននិយាយថា ជាការបាញ់ប្រហារជាច្រើនពីប្រទេសស៊ីរី ឆ្ពោះទៅកាន់អ៊ីស្រាអែល ទៅលើតំបន់ Golan របស់ស៊ីរី ដែលកាន់កាប់។
លោក Pedersen បានបន្ថែមថា រដ្ឋាភិបាលស៊ីរីថា ទាហានរបស់ខ្លួនមួយចំនួនត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារទាំងនេះ ក៏ដូចជាកម្មករស៊ីវិល នៅក្នុងការវាយប្រហារលើអាកាសយានដ្ឋាន។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានប្រឈមមុខនឹងការវាយប្រហារជាច្រើនដោយក្រុមដែលខ្លួនអះអាងថា គាំទ្រដោយអ៊ីរ៉ង់ រួមទាំងនៅលើទឹកដីស៊ីរីផងដែរ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារទៅលើកន្លែងនានានៅក្នុងប្រទេសស៊ីរី ដែលខ្លួនអះអាងថា ត្រូវបានប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ និងក្រុមដែលខ្លួនគាំទ្រ។ លោកបានកត់សម្គាល់ថា ការផ្លាស់ប្តូរបន្ថែមទៀតត្រូវបានរាយការណ៍ម្តងទៀតកាលពីថ្ងៃចន្ទ។
លោកបានបន្ថែមថា “ជាមួយនឹងតំបន់ធំទូលាយ ដែលមានគ្រោះថ្នាក់បំផុត និងតានតឹង (ចំណុច) ក្នុងរយៈពេលដ៏យូរ ឥន្ធនៈកំពុងត្រូវបានបញ្ចូលទៅក្នុងប្រអប់ភ្លើង ដែលចាប់ផ្តើមឆេះរួចហើយ សូម្បីតែមុនពេលការវិវឌ្ឍន៍ក្នុងតំបន់ក៏ដោយ ក៏ស៊ីរី កំពុងឃើញការកើនឡើងដ៏អាក្រក់បំផុត នៃអំពើហឹង្សាបន្ថែមទៀត ជាង ៣ឆ្នាំកន្លងមកនេះ”៕ ប្រែសម្រួល ឈូក បូរ៉ា