បរទេស៖ មន្រ្តីក្រសួងការពារជាតិជប៉ុនបាននិយាយនៅថ្ងៃអង្គារថា ករណី នៃការបៀតបៀនផ្លូវភេទបានកើតឡើងកាលពីឆ្នាំមុននៅក្នុងកងកម្លាំងស្វ័យការពារដែនសមុទ្រ ដោយជនល្មើសជាបុរសបានធ្វើការសុំទោសស្ត្រីរងគ្រោះដោយផ្ទាល់ បើទោះបីជានាងបដិសេធមិនជួបជាមួយគាត់ក៏ដោយ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ដំណឹងនៃឧបទ្ទវហេតុ និងរបៀបដែលវាត្រូវបានចាត់ចែងខុសនេះ កើតឡើងបន្ទាប់ពីករណីរំលោភបំពានផ្លូវភេទដាច់ដោយឡែកមួយដែលបានប្រព្រឹត្តនៅក្នុងកងកម្លាំងស្វ័យការពារដីគោក ប្រឆាំងនឹងអតីតសមាជិក Rina Gonoi ដែលបានជំរុញឱ្យក្រសួងការពារជាតិជប៉ុន ធ្វើការស៊ើបអង្កេតផ្ទៃក្នុង និងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយការយាយីនេះ។
រដ្ឋមន្ត្រីការពារជាតិ លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជំនួបរវាងជនរងគ្រោះ និងជនល្មើសត្រូវបានបញ្ជាដោយថ្នាក់លើរបស់ជនល្មើសថា “ខ្វះការអាណិតអាសូរចំពោះអារម្មណ៍របស់ជនរងគ្រោះ និងជាការខឹងសម្បារ។ យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់” ។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ការយាយីនេះបានកើតឡើងពីខែសីហាដល់ខែធ្នូ ឆ្នាំ ២០២២ ហើយពាក់ព័ន្ធនឹងជនល្មើសបានឱបស្ត្រីដែលជាសហការីរបស់គាត់នៅឯអង្គភាព MSDF នៅភាគខាងលិចប្រទេសជប៉ុន ដោយចាប់ឱបពីខាងក្រោយ និងនិយាយពីការរួមភេទដាក់នាង។
សេចក្តីរាយការណ៍បាននិយាយថា ជនរងគ្រោះដែលមានឋានៈទាបជាងជនដៃដល់ បានពិគ្រោះជាមួយថ្នាក់លើផ្ទាល់អំពីបញ្ហានេះ ប៉ុន្តែអង្គភាពលេខ២ មិនបានរាយការណ៍ភ្លាមៗទៅអាជ្ញាធរជាន់ខ្ពស់នោះទេ៕ ប្រែសម្រួលៈ ណៃ តុលា