ព័ត៌មានអន្តរជាតិ

ប្រធាន FBI បង្ហាញក្តីព្រួយបារម្ភប្រាប់សភា ចំពោះការវាយប្រហារ នៅលើទឹកដីអាមេរិក ដែលបំផុសគំនិតដោយក្រុមហាម៉ាស់

រូបភាពពី៖​ AFP

បរទេស៖ នាយក FBI លោក Christopher Wray បានប្រាប់សមាជិកសភាអាមេរិកថា លោកមើលឃើញពីហានិភ័យខ្ពស់ នៃផែនការភេរវករនៅលើទឹកដីអាមេរិក ដោយបុគ្គល ឬក្រុមដែលអាចត្រូវបានបំផុស គំនិតដោយការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wray បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសវនាការរបស់គណៈកម្មាធិការសន្តិសុខមាតុភូមិព្រឹទ្ធសភាថា “យើងវាយតម្លៃថាសកម្មភាពរបស់ពួកហាម៉ាស និងសម្ព័ន្ធមិត្តនឹងដើរតួជាការបំផុសគំនិតមួយ ដែលយើងមិនបានឃើញចាប់តាំងពីក្រុម ISIS បានបើកដំណើរការដែលគេហៅថា caliphate ជាច្រើនឆ្នាំមុន” ។ លោកបន្តថា «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អង្គការភេរវករបរទេសជាច្រើនបានអំពាវនាវឱ្យមានការវាយប្រហារប្រឆាំងនឹងអាមេរិក និងលោកខាងលិច»។

លោក Wray បានធ្វើអត្ថាធិប្បាយនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបង្កើនការលុកលុយរបស់ពួកគេនៅក្នុងតំបន់ Gaza Strip ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រហែល ១.៤០០ នាក់ និងបានចាប់មនុស្សរាប់រយនាក់ទៀតធ្វើជាចំណាប់ខ្មាំង។ ជនជាតិប៉ាឡេស្ទីនជាង ៨.៥០០នាក់ ត្រូវបានសម្លាប់ ដែលត្រូវបានគេរាយការណ៍ថា រួមទាំងយ៉ាងហោចណាស់ ៥០នាក់ទៀត នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅទៅលើមេបញ្ជាការក្រុមហាម៉ាស់ នៅក្នុងជំរុំជនភៀសខ្លួន Jabalia នៃតំបន់ហ្គាហ្សា៕ ប្រែសម្រួលៈ ណៃ តុលា

To Top