ព័ត៌មានអន្តរជាតិ

នៅថ្ងៃទី១០ វិច្ឆិកានេះ ប្រទេសថៃ នឹងអនុញ្ញាតឱ្យទេសចរមកពីឥណ្ឌា និងកោះតៃវ៉ាន់ ចូលមកដោយមិនយកទិដ្ឋាការ

Xinhua

បរទេស៖ គណៈរដ្ឋមន្ត្រីរបស់ថៃ បានផ្តល់ភ្លើងខៀវដល់គោលនយោបាយ លើកលែងទិដ្ឋាការសម្រាប់ ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងកោះតៃវ៉ាន់ក្នុងការស្នាក់ នៅក្នុងព្រះរាជាណាចក្ររយៈពេល ៣០ថ្ងៃ ក្នុងគោលបំណងដើម្បីទាក់ទាញ ប្រាក់ចំណូលបន្ថែមទៀត នៅពេលដែលរដូវកាលទេសចរណ៍ខ្ពស់ ខិតជិតមកដល់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានថា គោលនយោបាយនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំក្រោយ ដោយអនុញ្ញាតឲ្យភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងកោះតៃវ៉ាន់ ចូលដោយគ្មានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ ក្រោមច្បាប់អន្តោប្រវេសន៍ឆ្នាំ ១៩៧៩។

នាយករដ្ឋមន្រ្តីបាននិយាយថា “យើងនឹងផ្តល់ការលើកលែងទិដ្ឋាការ សម្រាប់អ្នកទេសចរឥណ្ឌា និងកោះតៃវ៉ាន់ ពីព្រោះប្រជាជនរបស់ពួកគេភាគច្រើន ចូលចិត្តទៅលេងប្រទេសថៃ”។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា ការមកដល់ពីប្រទេសចំនួន ៥៩ ឥឡូវនេះអាចចូលប្រទេសថៃ បានដោយមិនចាំបាច់មានទិដ្ឋាការ។ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីបានយល់ព្រមផ្តល់ ការលើកលែងទិដ្ឋាការសម្រាប់ អ្នកទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថានជាបណ្តោះអាសន្ន។

ឥណ្ឌាគឺជាទីផ្សារប្រភពទេសចរណ៍ធំជាងគេទី៤ របស់ប្រទេសថៃ រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះ ជាមួយនឹងការមកដល់ប្រហែល ១,២ លាននាក់ ចាប់ពីខែមករា ដល់ខែកញ្ញា បន្ទាប់ពីម៉ាឡេស៊ី ចិន និងកូរ៉េខាងត្បូង។

ភ្ញៀវទេសចរឥណ្ឌាជាមធ្យម ត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយ ៤១.០០០ បាតក្នុងការធ្វើដំណើរមួយជើង ហើយស្នាក់នៅក្នុងប្រទេសរយៈពេល ៧ទៅ៨ ថ្ងៃ។ លោក Chai បាននិយាយថាប្រជាជនឥណ្ឌាប្រហែល ១,៥៥ លាននាក់ត្រូវបានគេរំពឹងថា នឹងមកលេងព្រះរាជាណាចក្រក្នុងឆ្នាំនេះ។

ចំណែកកោះតៃវ៉ាន់ក៏ជា គោលដៅចម្បងមួយរបស់ប្រទេសថៃផងដែរ។ លោកបាននិយាយថា ដោយដកស្រង់ទិន្នន័យពីការិយាល័យទេសចរណ៍ នៃទីក្រុងតៃប៉ិប្រទេសថៃ ភ្ញៀវទេសចរប្រហែល ៧០០.០០០ នាក់មកពីកោះតៃវ៉ាន់ត្រូវបានគេរំពឹងថា នឹងមកទស្សនានៅឆ្នាំនេះ ដែលជិតឈានដល់កម្រិតមុន Covid ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩គឺចំនួន ៧៨០.០០០នាក់ ហើយទេសចរម្នាក់ៗត្រូវបានប៉ាន់ស្មានថានឹងចំណាយ ៤២.៩០០ បាត ឬ ៥.២០០ បាតជាមធ្យមក្នុងមួយថ្ងៃ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top