ព័ត៌មានអន្តរជាតិ

លោក បៃដិន នឹងជួបជាមួយលោក ហ្ស៊ី នៅក្រៅកិច្ចប្រជុំកំពូលនៅសាន់ហ្វ្រាន់ស៊ីស្កូ នៅក្នុងខែវិច្ឆិកានេះ

Xinhua

វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ខាងសេតវិមានបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងជួបជាមួយមេដឹកនាំចិន លោក ហ្ស៊ី ជិនពីង នៅក្រៅកិច្ចប្រជុំកំពូលនៅ សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៅក្នុងខែវិច្ឆិកានេះ សម្រាប់កិច្ចពិភាក្សា “ស្ថាបនា” ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះបានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន បានមកបំពេញទស្សនកិច្ចដ៏កម្រមួយ មកកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីត្រួសត្រាយផ្លូវសម្រាប់លោក ហ្ស៊ី ដើម្បីជួបជាមួយលោក បៃដិន នៅក្នុងកិច្ចប្រជុំកំពូលនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា (APEC) ។

ជុំវិញករណីនេះ ប្រទេសចិន មិនទាន់បញ្ជាក់ថា លោក ហ្ស៊ី នឹងមកចូលរួមរឺយ៉ាងណានោះទេ ។

លេខាធិការសារព័ត៌មាន Karine Jean-Pierre បានលើកឡើងអំពីកិច្ចពិភាក្សា ដែលទន្ទឹងរង់ចាំជាយូរមកហើយថា “យើងមានបំណងចង់ឱ្យមានការ សន្ទនាក្នុងន័យស្ថាបនាមួយ នៃកិច្ចប្រជុំរវាងមេដឹកនាំនៅរដ្ឋ សាន់ហ្វ្រាន់ស៊ីស្កូ នៅក្នុងខែវិច្ឆិកានេះ” ។

លេខាធិការរូបនេះបានបញ្ជាក់ថា “នោះជាអ្វីដែលនឹងកើតឡើងនៅក្នុងខែវិច្ឆិកា ។ យើងកំពុងមានការសន្ទនា ក្នុងន័យស្ថាបនានៅសាន់ហ្វ្រាន់ស៊ីស្កូ ។ ខ្ញុំគិតថាខ្ញុំទើបតែបញ្ជាក់ចំពោះករណីនេះ” ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ សហរដ្ឋអាមេរិកបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “មានកិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីជួបប្រជុំគ្នានៅសាន់ហ្វ្រាន់ស៊ីស្កូ នៅក្នុងខែវិច្ឆិកា ហើយយើងនៅតែធ្វើការ តាមរយៈព័ត៌មានលម្អិតសំខាន់ៗ ដែលត្រូវការដើម្បីបញ្ចប់ផែនការទាំងនោះ” ។

គេបានដឹងថា លោក បៃដិន និងលោក ហ្ស៊ី មិនបានទាក់ទងគ្នាទេ ចាប់តាំងពីកិច្ចប្រជុំនៅកោះបាលីនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top