បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសបារាំងបានដាក់ពង្រាយមន្ត្រីចំនួន ១០.០០០ នាក់ ដើម្បីយាមទីតាំងរបស់ជនជាតិជ្វីហ្វ បន្ទាប់ពីមានករណីជាច្រើននៃការបំផ្លិចបំផ្លាញប្រឆាំងនឹងជនជាតិជ្វីហ្វ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Darmanin ដែលបានប្រាប់សភាបារាំងថា “ស្របតាមបទបញ្ជារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ប៉ូលីសចំនួន ១០.០០០ នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារទីតាំងចំនួន ៩៥០ ដែលសហគមន៍ជ្វីហ្វមានវត្តមាន រួមទាំងសាលារៀន សាលាប្រជុំ និងមជ្ឈមណ្ឌលវប្បធម៌”។
លោក Darmanin បាននិយាយទៀតថា ក្រសួងមហាផ្ទៃបារាំងបានចុះបញ្ជីឧប្បត្តិហេតុប្រឆាំងសាសនាចំនួន ៨៥៧ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលលោក Darmanin បាននិយាយថា មានច្រើនជាងឆ្នាំទាំងមូលនៃឆ្នាំ ២០២២ ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍កាលពីថ្ងៃអង្គារថានៅទីក្រុងប៉ារីស និងជាយក្រុង Saint-Ouen និង Aubervilliers គឺមានការបាញ់ស្ព្រាយពណ៌លើជញ្ជាំងនៃអគារលំនៅដ្ឋាន និងការិយាល័យជាច្រើនជាមួយប្រជាជនជ្វីហ្វ៕
ប្រែសម្រួលៈ ណៃ តុលា