បរទេស៖ប្រេសិតប្រទេសអ៊ីស្រាអែលប្រចាំនៅទីក្រុងមូស្គូ លោក Alex Ben Zvi បានប្រាប់កាសែត Kommersant ថា ជួនកាលអ៊ីស្រាអែល និងរុស្ស៊ី ប្រហែលជាមិនចុះសម្រុងគ្នាលើបញ្ហាផ្សេងៗក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនឃើញមានការផ្លាស់ប្តូរអ្វីធំដុំទេ ហើយនៅតែ រក្សាកម្រិតជាធម្មតា។
អ្នកការទូតរូបនេះបាននិយាយថាទំនាក់ទំនងរវាងគ្នាបច្ចុប្បន្នមានការឡើងចុះដោយកត់សម្គាល់ថា ពេលខ្លះអ៊ីស្រាអែលមិនពេញចិត្តនឹងជំហររបស់រុស្ស៊ី ហើយជួនកាលផ្ទុយមកវិញដូចគ្នាដែរប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងពីរតែងតែព្យាយាមរកចំណុចរួមមួយជាមួយគ្នានៅឡើយ។
កាលពីសប្តាហ៍មុន អ្នកតំណាងជាន់ខ្ពស់ជាច្រើននៃក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានទៅទស្សនារដ្ឋធានីរុស្ស៊ី ដើម្បីចរចាអំពីការដោះលែងចំណាប់ខ្មាំង និងការជម្លៀសដោយសុវត្ថិភាពនៃជនបរទេសដែលជាប់ដោយការបិទផ្លូវរបស់អ៊ីស្រាអែលដែលកំពុងបន្ត។
ប្រធានគណៈប្រតិភូបំពេញទស្សនកិច្ចលោក Moussa Mohammed Abu Marzouk បានប្រកាសថាក្រុមរបស់លោកនឹងពិនិត្យយ៉ាងម៉ត់ចត់សម្រាប់ពលរដ្ឋរុស្ស៊ី ហើយនឹងយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះសំណើរបស់ទីក្រុងម៉ូស្គូហើយ លោកក៏បានសរសើរជំហររបស់រុស្ស៊ីទៅលើការកើនឡើងជម្លោះនេះផងដែរ។
ភ្លាមៗរដ្ឋាភិបាលអ៊ីស្រាអែលបានឆ្លើយតបដោយការអំពាវនាវឱ្យទីក្រុងមូស្គូបណ្តេញគណៈប្រតិភូ ដោយពណ៌នាដំណើរទស្សនៈកិច្ចផ្លូវការរបស់ពួកគេថាជាសកម្មភាពគាំទ្រដល់អំពើភេរវកម្ម និងការធ្វើឱ្យមានភាពស្របច្បាប់នៃអំពើឃោរឃៅដែលប្រព្រឹត្តដោយក្រុមហាម៉ាសក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើទឹកដីអ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១៤០០នាក់៕
ប្រែសម្រួល៖ស៊ុនលី