ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អំពាវនាវ ឲ្យមានការដាក់ទណ្ឌកម្ម ប្រឆាំងការនាំចេញប្រេង និងអាហារ ឲ្យអ៊ីស្រាអែល

AFP
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Seyyed Ali Khamenei បានជំរុញឱ្យបណ្តាប្រទេស មូស្លីមដាក់ទណ្ឌកម្ម ទៅលើផលិតផលប្រេង និងអាហារ ទៅឲ្យប្រទេសអ៊ីស្រាអែល ដើម្បីដាក់សំពាធឲ្យរដ្ឋាភិបាលនេះ បញ្ឈប់ប្រតិបត្តិការ យោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។

ថ្លែងទៅកាន់និស្សិតនៅទីក្រុងតេហរ៉ង់ កាលពីថ្ងៃពុធ លោក Khamenei បាននិយាយថា៖អ្វីដែលរដ្ឋាភិបាល អ៊ីស្លាមត្រូវតែទទូចគឺ ការបញ្ឈប់ ជាបន្ទាន់នូវឧក្រិដ្ឋកម្ម នៅក្នុងតំបន់ហ្គាហ្សា ដោយស្នើថាប្រទេសមូស្លីម គួរតែទប់ស្កាត់ការនាំចេញប្រេង និងអាហារទៅកាន់របបទីក្រុងយេរូសាឡឹម។

" "

លោកបានបន្តអះអាងថា៖ អ៊ីស្រាអែលឥឡូវនេះ ស្ថិតក្នុងស្ថានភាពតក់ស្លុត និងអស់សង្ឃឹម ហើយមិនដឹងថា ត្រូវធ្វើអ្វីនោះទេ ខណៈដែលចង្អុលបង្ហាញថា ព្រឹត្តិការណ៍នៅហ្គាហ្សា បានជំរុញឱ្យមនុស្សដើរតាមដងផ្លូវ និងបរិហារសកម្មភាព របស់អ៊ីស្រាអែល មិនត្រឹមតែនៅក្នុង រដ្ឋដែលភាគច្រើន កាន់សាសនាឥស្លាម ប៉ុន្តែក៏មាននៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចផងដែរ។

" "

គួរឲ្យដឹងដែរថា កាលពីពាក់កណ្តាលខែតុលា រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir-Abdollahian ក៏បានធ្វើការអំពាវនាវស្រដៀងគ្នានេះ ដោយស្នើឱ្យប្រទេសមូស្លីម ដាក់ទណ្ឌកម្មជាបន្ទាន់ និងពេញលេញ ទៅលើការនាំចូលប្រេង ឲ្យទៅប្រទេស អ៊ីស្រាអែលផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី

To Top