គៀវ៖ សេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលអ៊ុយក្រែន បានណែនាំច្បាប់ថ្មី សម្រាប់ការនាំចេញកសិផល ដែលចាប់ផ្តើមពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ច្បាប់នេះរួមមានឃ្លាដែលក្រុមហ៊ុនអ៊ុយក្រែន ដែលលក់គ្រឿងឧបភោគបរិភោគមួយចំនួន នៅបរទេសត្រូវចុះឈ្មោះជាអ្នកនាំចេញកសិផលនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាល នេះបើយោងតាមដំណោះស្រាយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាល។
តម្រូវការនឹងអនុវត្តចំពោះអ្នកនាំចេញស្រូវសាលី ពោត បាឡេ គ្រាប់ប្រេង និងផលិតផលមួយចំនួនទៀត។ យោងតាមច្បាប់ថ្មី មានតែក្រុមហ៊ុនដែលមិនមានបំណុលពន្ធ ហើយមិនជាប់ពាក់ព័ន្ធក្នុងនីតិវិធីតុលាការក្ស័យធន អាចត្រូវបានចុះបញ្ជីជាអ្នកនាំចេញគ្រឿងឧបភោគបរិភោគ ដែលបានផ្ទៀងផ្ទាត់។
ច្បាប់ដែលមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានគោលបំណងការពារការបំពានច្បាប់ក្នុងការនាំចេញទំនិញកសិកម្ម។ អ៊ុយក្រែនបាននាំចេញផលិតផលគ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងច្រើនជាង ៦៧លានតោនក្នុងឆ្នាំលើទីផ្សារ ២០២២-២០២៣ ដែលដំណើរការរវាងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕ ប្រែសម្រួល ឈូក បូរ៉ា
