ព័ត៌មានអន្តរជាតិ

សេតវិមាន ច្រានចោលព័ត៌មាន ដែលផ្សាយថា អាមេរិកបញ្ជូនកងទ័ព ចូលតំបន់ហ្គាហ្សា

រូបភាពពី៖​ US Army / Sgt. Catherine Carroll

បរទេស៖ សេតវិមានបាននិយាយថា ទាហានអាមេរិកនឹងមិនត្រូវបានដាក់ពង្រាយទៅកាន់តំបន់ហ្គាហ្សាក្នុងអំឡុងពេល ឬបន្ទាប់ពីជម្លោះបច្ចុប្បន្នជាមួយអ៊ីស្រាអែលនោះទេ ដោយសេតវិមានបានច្រានចោលរបាយការណ៍ដែលបង្ហាញថា ទាហានអាមេរិក អាចត្រូវបានបញ្ជូនទៅបេសកកម្មរក្សាសន្តិភាពនៅតំបន់នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ត្រូវបានគេសួរថាតើកងកម្លាំងអាមេរិកនឹងត្រូវបានប្រើដើម្បី “ធ្វើឱ្យស្ថានការណ៍មានស្ថិរភាព” នៅក្នុងតំបន់ហ្គាហ្សាដែរឬទេ។

លោក John Kirby បាននិយាយថា “មិនមានផែនការ ឬចេតនាណាមួយក្នុងការដាក់កងទ័ពអាមេរិកនៅលើដីនៅតំបន់ហ្គាហ្សាឥឡូវនេះ ឬនៅពេលអនាគតនោះទេ ប៉ុន្តែយើងកំពុងនិយាយជាមួយដៃគូរបស់យើងអំពីអ្វីដែលក្រោយជម្លោះ ហ្គាហ្សា ដែលគួរតែស្វែងរក។

លោក Kirby បន្តថា ក្រុមមន្ត្រីកំពុងពិចារណាអំពី “វត្តមានអន្តរជាតិមួយចំនួន” បន្ទាប់ពីការប្រយុទ្ធគ្នាបានធ្លាក់ចុះក្នុងតំបន់ ហ្គាហ្សា ប៉ុន្តែបានកត់សម្គាល់ថា គ្មានការសម្រេចចិត្តលើបញ្ហានេះត្រូវបានធ្វើឡើងនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top