បរទេស៖Nestle ក្រុមហ៊ុនអាហារយក្សរបស់ប្រទេសស្វីសត្រូវបានអ៊ុយក្រែនប្រកាសចាត់ទុកជា អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាមឬ International Sponsor of War ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន (NCPA) ដោយសារតែប្រតិបត្តិការបន្តនៅក្នុងប្រទេសរុស្ស៊ីនៅឡើយនោះ។
យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់ NCPA នៅលើ Telegram បានអះអាងថា ទោះបីជាទីផ្សាររុស្ស៊ីមានត្រឹមតែជាង ២ភាគរយនៃសកម្មភាពសកលរបស់ Nestle ក៏ដោយ ក៏ក្រុមហ៊ុននេះមិនទាន់ហ៊ានចាកចេញពីប្រទេសរុស្សីនៅឡើយទេ។
ក្រុមហ៊ុន Nestle បានអះអាងថាក្រុមហ៊ុនបានកាត់បន្ថយយ៉ាងខ្លាំងនូវ ផលប័ត្ររបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន ប៉ុន្តែនៅតែផ្តល់ឱ្យពលរដ្ឋក្នុងស្រុកនូវទំនិញសំខាន់ៗ និងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះបុគ្គលិករបស់ខ្លួននៅទីនោះ។
គួរឲ្យដឹងដែរថាយោងតាមចំណាត់ថ្នាក់ចុងក្រោយបំផុតដែលចេញដោយ Forbes ក្រុមហ៊ុន Nestle ស្ថិតក្នុងលំដាប់កំពូលទាំង១០នៃក្រុមហ៊ុនលោកខាងលិចដ៏ធំបំផុតដែលបន្តប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសរុស្ស៊ីចំពេលមានការដាក់ទណ្ឌកម្ម ជាមួយនឹងប្រាក់ចំណូលដែលបានរាយការណ៍ជាង២ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕
ប្រែសម្រួល៖ស៊ុនលី