ព័ត៌មានអន្តរជាតិ

នាវាពិឃាតអាមេរិក USS Rafael Peralta និងនាវាចម្បាំងរបស់កងទ័ព ជើងទឹកកាណាដា HMCS Ottawa ធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់

រូបភាពពី៖​ U.S. Navy

បរទេស៖ កងនាវាចរទី ៧ របស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត USS Rafael Peralta និងនាវាចម្បាំងរបស់កងទ័ពជើងទឹកកាណាដា HMCS Ottawa បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ ដោយបានធ្វើឱ្យមានការធ្វើដំណើររួមគ្នាលើកទីបីរបស់ពួកគេនៅក្នុងតំបន់ចាប់តាំងពីខែមិថុនា។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា នាវាចម្បាំងទាំងពីរគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងទិសដៅភាគខាងជើងកាលពីយប់ថ្ងៃពុធ ដោយបន្ថែមថា ខ្លួនបានតាមដានចលនា ហើយស្ថានភាពគឺ “ធម្មតា” ។

ចំណែក បញ្ជាការ Eastern Theater របស់កងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានតាមដាន និងត្រួតពិនិត្យការឆ្លងកាត់ និងដោះស្រាយស្ថានការណ៍ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ។

កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកាណាដាបានធ្វើដំណើរឆ្លងកាត់ស្រដៀងគ្នានេះដែរ កាលពីខែកញ្ញា។ កាលពីខែមិថុនា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចេញផ្សាយវីដេអូនៃអ្វីដែលខ្លួនហៅថា “អន្តរកម្មមិនមានសុវត្ថិភាព” នៅច្រកសមុទ្រតៃវ៉ាន់ ដែលនាវាចម្បាំងចិនបានឆ្លងកាត់ពីមុខនាវាពិឃាតអាមេរិក។

ក្រសួងការបរទេសចិនបាននិយាយថា វិធានការយោធារបស់ខ្លួនគឺសមហេតុផលទាំងស្រុង ស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព៕ ប្រែសម្រួលៈ ណៃ តុលា

To Top