ព័ត៌មានអន្តរជាតិ

រថក្រោះ​អ៊ីស្រាអែល រាប់សិបគ្រឿង បានចូលទៅដល់​​ជាយក្រុង ​ហ្គាហ្សាហើយ ក្នុងផែនការវាយប្រហារថ្មើរជើង

Robert Dex

យេរ៉ូសាឡឹម៖ ប្រភពប៉ាឡេស្ទីនបានឲ្យដឹងថា រថក្រោះអ៊ីស្រាអែល បានរុលទៅមុខជាយក្រុងភាគខាងត្បូង នៃទីក្រុងហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លា មុនពេលការវាយប្រហារ តាមអាកាសដោយហិង្សា។

ប្រភពបានប្រាប់ស៊ីនហួថា “រថក្រោះអ៊ីស្រាអែលមួយចំនួន កំពុងឈានទៅមុខក្នុងការប៉ុនប៉ងកាត់ផ្តាច់ផ្លូវ Rashid ដើម្បីបំបែកភាគខាងជើងហ្គាហ្សា ពីភាគខាងត្បូង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ផ្លូវមាត់សមុទ្រ Rashid គឺជាផ្លូវដ៏សំខាន់មួយ ដែលនាំទៅដល់ភាគខាងត្បូងហ្គាហ្សា។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅលើគណនី X របស់លោកថា “យើងមានជោគជ័យ ដ៏គួរឱ្យចាប់អារម្មណ៍ យើងមានច្រើនជាងជាយក្រុងហ្គាហ្សា រួចទៅហើយ។ យើងកំពុងធ្វើឱ្យមានការរីកចម្រើន​ យើងនឹងឆ្ពោះទៅមុខ” ។ សាក្សីក្នុងតំបន់បានប្រាប់ស៊ីនហួថា រថក្រោះអ៊ីស្រាអែលបានមកដល់ជាយក្រុង Al Nour ភាគខាងត្បូងទីក្រុង ខណៈដែលរថក្រោះផ្សេងទៀត បានរុលទៅមុខជាលំដាប់។

សាក្សីដែលបានឃើញ ផ្ទាល់ភ្នែកបានឲ្យដឹងថា យុទ្ធជនមកពីកងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ហាម៉ាស បានបើកការវាយប្រហារលើកង កម្លាំងឈ្លានពាន ដោយកាំជ្រួចប្រឆាំងរថក្រោះ ដើម្បីការពារពួកគេពីការឈានទៅមុខ ហើយការប៉ះទង្គិចនៅតែបន្តកើតមាន។ ទន្ទឹមនឹងនោះ ប្រភពវេជ្ជសាស្ត្របានបញ្ជាក់ថា ការទំនាក់ទំនងជាមួយមន្ទីរពេទ្យទួរគី នៅភាគខាងត្បូងនៃទីក្រុងហ្គាហ្សា ត្រូវបានកាត់ផ្តាច់ទាំងស្រុង។

សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ផងដែរ យន្តហោះអ៊ីស្រាអែល បានវាយឆ្មក់តំបន់ជុំវិញមន្ទីរពេទ្យ Al-Quds ក្នុងសង្កាត់ Tal al-Hawa ភាគខាងត្បូងនៃទីក្រុងហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top