ព័ត៌មានអន្តរជាតិ

ជប៉ុន​ និង​ហ្វីលីពីន ​ព្រមព្រៀងគ្នា​ បង្កើន​ទំនាក់ទំនង​ការពារជាតិ​ចំពេល​មានការ ​កើនឡើងឥទ្ធិពល​របស់​ចិន​

រូបភាពពី៖​ Kyodo

តូក្យូ៖​ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ​ គីស៊ីដានិងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសរបស់ពួកគេ​ ចំពេលមានការពង្រីកវត្តមានយោធារបស់ចិននៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងម៉ានីលលោក​ គីស៊ីដា​ និងលោក​ Marcos បានបញ្ជាក់ថា ពួកគេនឹងចាប់ផ្តើមការចរចាលើសន្ធិសញ្ញាទ្វេភាគីថ្មីមួយ ដែលត្រូវបានគេស្គាល់ថា​ ជាកិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ និងសម្រួលដល់សមយុទ្ធការពារជាតិរួមគ្នា នេះបើយោងតាមការចេញផ្សាយសារព័ត៌មានរួមគ្នារបស់ពួកគេ។

លោក គីស៊ីដា បានឲ្យដឹងនៅឯការបង្ហាញខ្លួនបន្ទាប់ពីកិច្ចពិភាក្សាថា “តាមរយៈកិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសហ្វីលីពីន យើងសង្ឃឹមថានឹងរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហរដោយផ្អែកលើនីតិរដ្ឋ ដើម្បីធានាបាននូវពិភពលោកមួយដែលត្រូវបានការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស” ។

លោក Marcos បាននិយាយអំពី RAA ថា “យើងដឹងអំពីអត្ថប្រយោជន៍នៃការរៀបចំនេះ ទាំងសម្រាប់បុគ្គលិកការពារជាតិ និងយោធារបស់យើង និងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង” ។

លោកបន្ដថា​ វានឹងក្លាយជា RAA ទីមួយរបស់ប្រទេសជប៉ុនជាមួយនឹងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងកតិកាសញ្ញាទីបីបន្ទាប់ជាមួយអូស្ត្រាលី និងអង់គ្លេស ដែលបានចូលជាធរមាននៅដើមឆ្នាំនេះ​ ដោយលោក​ គីស៊ីដា​ បានមកដល់ទីក្រុងម៉ានីល​ កាលពីព្រឹកថ្ងៃសុក្រ។

ជប៉ុន និងហ្វីលីពីន បាននិងកំពុងស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគីជាមួយសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការកសាងកោះសិប្បនិមិត្តរបស់ចិន ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងដែនទឹកក្បែរនោះ និងការឈ្លានពានជាញឹកញាប់ចូលទៅក្នុងសមុទ្រនៃទឹកដីផ្សេងទៀត៕ ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top